អន្តរជាតិ
អាម៉េរិក ស៊ើបអង្កេតលើការបែកធ្លាយឯកសាសម្ងាត់ដែលទម្លាយពីការលួចស្ដាប់សម្ព័ន្ធមិត្តខ្លួនឯង
10, Apr 2023 , 3:21 pm        
រូបភាព
អាម៉េរិក ប្រឈមមុខរឿងអាម៉ាស់ជាថ្មីក្រោយការបែកធ្លាយឯកសារសម្ងាត់រាប់សិបទំព័រ ដែលរៀបរាប់ប្រធានបទជាច្រើនចាប់ពីប្រព័ន្ធការពារមីស៊ីលនៅអ៊ុយក្រែន និងការតវ៉ានៅអ៊ីស្រាអែល ហើយកំពុងតាមរកមុខអ្នកនៅពីក្រោយផង។ ឯកសារខ្លះក៏បង្ហាញពីការការលួចស្ដាប់ការជជែករបស់សម្ព័ន្ធមិត្តអាម៉េរិកខ្លួនឯងតែម្ដង។ ក្រុងវ៉ាស៊ីនតោន កំពុងញាប់ដៃញាប់វាយតម្លៃផលប៉ះពាល់លើសន្តិសុខជាតិខ្លួន។

 
ឯកសារសម្ងាត់ដែលបែកធ្លាយ ត្រូវបានបង្ហាញជាលើកដំបូងដោយកាសែត The New York Time កាលពីថ្ងៃទី៧ ខែមេសា បន្ទាប់ពីត្រូវបានចែកចាយលើបណ្ដាញសង្គមជាច្រើនកាលពីខែមុនមកម្ល៉េះ។ ឯកសារបែកធ្លាយដែលសុទ្ធសឹងជាការវាយតម្លៃ និងព័ត៌មានចារកិច្ច ត្រូវចែកជាព័ត៌មានសម្ងាត់ និងសម្ងាត់បំផុត។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងឯកសារមួយដែលកំណត់ជាព័ត៌មានសម្ងាត់ ប្រព័ន្ធស្ទាក់មីស៊ីលអ៊ុយក្រែន S-300 នឹងអស់សមត្ថភាពនៅត្រឹមថ្ងៃទី២ ខែឧសភា បើគិតលើការប្រើប្រាស់ដូចសព្វថ្ងៃ។ ឯឯកសារមួយទៀតដែលកំណត់ជាព័ត៌មានសម្ងាត់បំផុត ទីភ្នាក់ងារចារកិច្ចអ៊ីស្រាអែល Mossad បានជំរុញឱ្យមានការតវ៉ាប្រឆាំងការប៉ុនប៉ងរបស់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ លើការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ 
 
ភាពពិតប្រាកដនៃឯកសារដែលត្រូវបានទម្លាយនេះ កំពុងត្រូវបានអាម៉េរិកស៊ើបអង្កេត។ ក្រសួងយុត្តិធម៌អាម៉េរិក បានបើកការស៊ើបអង្កេតជុំវិញបទល្មើសនៃការទម្លាយឯកសារទាំងនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក Sabrina Singh និយាយថា មន្ទីរបញ្ចកោណកំពុងវាយតម្លៃផលប៉ះពាល់របស់ឯកសារបែកធ្លាយ និងភាពត្រឹមត្រូវរបស់ឯកសារដែលមានព័ត៌មានសម្ងាត់ជាច្រើន។
 
«កិច្ចប្រឹងប្រែងអន្តរទីភ្នាក់ងារ កំពុងតែបង្កើនដោយផ្ដោតលើការវាយតម្លៃផលប៉ះពាល់នៃឯកសារដែលត្រូវបានថតចម្លងទាំងនេះដែលអាចមានលើសន្តិសុខជាតិអាម៉េរិក សម្ព័ន្ធមិត្ត និងដៃគូ។» អ្នកនាំពាក្យខាងលើបញ្ជាក់បែបនេះ។
 
មិនត្រឹមព័ត៌មានសម្ងាត់ខាងលើ ឯកសារដដែល ក៏បង្ហាញដែរថា​ អាម៉េរិកលួចស្ដាប់ការជជែករបស់សម្ព័ន្ធមិត្តខ្លួនថែមទៀតដោយក្នុងនោះមានឈ្មោះកូរ៉េខាងត្បូងតែម្ដង។ បើតាម New York Times អ្វីដែលអាម៉េរិកលួចស្ដាប់ គឺការពិភាក្សាក្នុងចំណោមមន្រ្តីទីក្រុងសេអ៊ូលលើការផ្ដល់អាវុធឱ្យអ៊ុយក្រែន។ 
 
រដ្ឋាភិបាលសេអ៊ូល ក៏កំពុងពិនិត្យមើលរបាយការណ៍ខាងលើ ហើយនឹងជជែកជាមួយអាម៉េរិកបន្ថែមទៀត។ បក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេ ទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជាក់ពីអ្វីដែលបែកធ្លាយ ហើយក៏ចាត់ទុកការលួចស្ដាប់សម្ព័ន្ធមិត្តខ្លួនជារឿងមិនអាចទទួលបានទៀតផង៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com