កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អត្តពលិក៨ពាន់នាក់ នឹងប្រជែងមេដាយក្នុង៣៦កីឡា លើ៥៨៤វិញ្ញាសានៅកម្ពុជា
10, Apr 2023 , 3:59 pm        
រូបភាព
អត្តពលិក៨ពាន់នាក់ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ អត្តពលិកទាំង៨ពាន់នាក់ នឹងដណ្តើមមេដាយក្នុង៣៦ប្រភេទកីឡា ក្នុងចំណោមវិញ្ញាសាសរុបចំនួន៥៨៤។



ក្នុងកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ ខែមេសា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសពីចំនួនអត្តពលិកសរុប ដែលនឹងត្រូវចូលរួមប្រកួតប្រជែងនៅកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូង។
 
ក្នុងចំណោមប្រទេសចូលរួមទាំង១១ រាប់ទាំងម្ចាស់ផ្ទះកម្ពុជា មានអត្តពលិកចូលរួមសរុបប្រមាណ៨ពាន់នាក់ ដោយប្រជែងក្នុង៣៦ប្រភេទកីឡា លើ៥៨៤វិញ្ញាសា។ ដោយឡែកប្រភេទកីឡាបាល់ទាត់លើតុ (Taqball) ដែលមាន៥វិញ្ញាសា ក៏នឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ ប៉ុន្តែគ្រាន់ជាកីឡាបង្ហាញប៉ុណ្ណោះ មិនមានការផ្តល់មេដាយឡើយ។
 
កាលពីសប្តាហ៍មុន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសចំនួនប្រតិភូកីឡាទាំង១១ប្រទេស សរុប១២៤០៤នាក់ ដែលត្រូវចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចំណោម១១ប្រទេស ថៃ បញ្ជូនប្រតិភូកីឡាច្រើនជាងគេចំនួន ១៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១៨០២នាក់ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ មានចំនួន១១៥៨នាក់។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។ គិតមកដល់ថ្ងៃទី១០ ខែមេសានេះ កម្ពុជានៅសល់២៥ថ្ងៃប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕ 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com