កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ចម្រៀង៣បទ ក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
10, Apr 2023 , 6:03 pm        
រូបភាព
ចម្រៀង៣បទ ក្រោមចំណងជើងថា «កម្ពុជាស្វាគមន៍» រូមជាមួយ «នេះជាពេលវេលារបស់យើង» និង «កម្ពុជាជាផ្ទះរបស់យើង» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងប្រគុំផ្លូវការក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ឆ្នាំ២០២៣ នៅកម្ពុជា នាថ្ងៃទី៥ ខែឧសភា។ ក្រៅពីចម្រៀង៣បទនេះ ក៏មានការចូលរួមពីសំណាក់ក្រុមតន្ត្រី MCT125 របស់កងរាជអាវុធហត្ថ​ផងដែរ។


លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសក្នុងកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២២ និងទិសដៅឆ្នាំសិក្សា២០២២-២៣ នៅថ្ងៃទី១០ ខែមេសា ថានឹងមានកម្មវិធីចម្រៀងសិល្បៈក្នុងកម្មវិធីបើកកីឡាស៊ីអាគ្នេយ៍លើកទី៣២។ 
 
ក្នុងកម្មវិធីចម្រៀងសិល្បៈនោះ នឹងមានបទចម្រៀងចំនួន៣បទដែលរៀបចំដោយ ស.ស.យ.ក ក្នុងនោះបទចម្រៀងទី១ក្រោមចំណងជើងថា កម្ពុជាស្វាគមន៍ ច្រៀងដោយកញ្ញា នីគី (Nikki) បទនេះជាពេលវេលារបស់យើង ច្រៀងដោយលោក ម៉ម ពេជ្ជរិទ្ធ, លោក រៀម សុខភិរម្យ និង លោក រ៉ុង សុភីដេវីដ និងបទ កម្ពុជាជាផ្ទះរបស់យើង ច្រៀងដោយកញ្ញា វី ដាណែត។
 
បើទោះមានការបញ្ជាក់ពីលោក អ៊ុក សិទ្ធិជាតិ ប៉ុន្តែបទចម្រៀងទាំង៣បទនេះ នៅមិនទាន់បង្ហោះជាផ្លូវការនៅលើបណ្តាញសង្គមណាមួយនៅឡើយទេ។ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់​ក្រសួង​អប់រំ យុវជន និង​កីឡារូបនេះ បន្ថែមថា ក្រៅពីចម្រៀង៣បទនេះ ក៏មានការចូលរួមប្រគុំតន្ត្រីពីសំណាក់ក្រុម MCT125 របស់កងរាជអាវុធហត្ថ នាពិធីបើកកីឡាអាស៊ីអាគ្មេយ៍លើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង ផងដែរ។
 
នាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមផ្លូវការពីម៉ោង៦ល្ងាច ថ្ងៃទី៥ ខែឧសភាតទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានរៀបចំកម្មវិធីជាច្រើនរហូតដល់១៧កម្មវិធីឯណោះ ដោយមានវត្តមានសម្តេច ហ៊ុនសែនផងដែរ។ ក្រៅពីប្រគុំតន្ត្រី មានពិធីដង្ហែក្បូនប្រតិភូចូលទីលាន ពិធីសច្ចាប្រណិធានអាជ្ញាកណ្តាល-ចៅក្រម និងអត្តពលិក សុន្ទរកថាខ្លីរបស់លោក Thomas Bach ប្រធានគណៈកម្មាធីការអូឡាំពិកអន្តរជាតិ (IOC) ប្រកាសបើកផ្លូវការការប្រកួតស៊ីហ្គេមលើកទី៣២ របស់សម្តេច ហ៊ុន សែន និងរត់ភ្លើងគប់ និងដុតភ្លើងគប់ធំ ជាមួយការដុតកាំជ្រួចជាដើម៕
 

Tag:
 កីឡាស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com