អន្តរជាតិ
នរណាខ្លះជាបេក្ខជននាយករដ្ឋមន្រ្តីថៃ?
13, Apr 2023 , 6:39 pm        
រូបភាព
ថៃ នឹងរៀបចំការបោះឆ្នោតទូទៅនៅខែឧសភាខាងមុខ។ បក្សនយោបាយនានាបានប្រកាសបេក្ខជននាយករដ្ឋមន្រ្តីរៀងៗខ្លួនហើយ រួចក៏បានចុះឈ្មោះបេក្ខជនសម្រាប់ប្រជែងកៅអីសភាចំនួន៥០០ ជាមួយនឹងការដាក់ចេញគោលនយោបាយដើម្បីដណ្ដើមជ័យជម្នះឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ នរណាខ្លះជាបេក្ខជនដែលអាចប្រជែងតំណែងនាយករដ្ឋមន្រ្តីថៃ?

 
បក្សដែលចូលរួមការបោះឆ្នោត មានសិទ្ធិដាក់បេក្ខជន៣នាក់សម្រាប់តំណែងនាយករដ្ឋមន្រ្តី។ បេក្ខជន អាចជាសមាជិកសភា ឬមិនមែនក៏បានដែរ។ មកទល់ពេលនេះ បក្ស៣ បានដាក់បេក្ខជនទាំង៣តែម្ដង ខណៈបក្សភាគច្រើនតែងតាំងតែម្នាក់ប៉ុណ្ណោះ។
 
បក្ស Pheu Thai ដែលជាបក្សមានសំឡេងភាគច្រើនកាលពីអាណត្តិមុន ដាក់បេក្ខជន៣នាក់មានលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់, លោក Srettha Thavisin និងលោក Chaikasem Nitisiri ។ សម្រាប់ការបោះឆ្នោតខែឧសភា បក្សនេះនៅតែរំពឹងទទួលបានគាំទ្រច្រើនដូចមុនដដែល។ 
 
បក្សមួយទៀតដែលមានបេក្ខជននាយករដ្ឋមន្រ្តី៣នាក់ទៀតដែរ គឺបក្ស Chartpattanakla ។ បេក្ខជននាយករដ្ឋមន្រ្តីបក្សនេះមានលោក Suwat Liptapanlop, ​លោក Korn Chatikavanij និងលោក Tewan Liptapanlop។ បក្ស Thai Sang Thai ក៏មានបេក្ខជននាយករដ្ឋមន្រ្តី៣នាក់ដែរ មានលោកស្រី Khunying Sudarat Keyuraphan, លោក Supant Mongkolsuthree និងលោក Sita Tiwaree។
 
ចំណែកនាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាយុទ្ធ ចន្ទអូចា ជាបេក្ខជនតំណាងបក្ស United Thai Nation ជាមួយនឹងលោក Pirapan Salirathavibhaga ។ 
 
បក្សដែលមានបេក្ខជនតែម្នាក់មានបក្ស Phalang Pracharat ដែលតំណែងដោយលោក ប្រាវីត វង្សសុវណ្ណ។ បេក្ខជនបក្ស Democrat គឺលោក Jurin Lakasanawisit ឯបក្ស Bhumjaithai មានលោក Anutin Charnvitrakul ។ បក្ស Move Forward មានលោក Pita Limjaroenat ។ បក្សទាំង៤នេះ សុទ្ធតែជាបក្សធំៗ ដែលរំពឹងទទួលសំឡេងគាំទ្រច្រើនពីសំណាក់ប្រជាជនថៃ៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com