អន្តរជាតិ
លោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាមឱ្យខ្លាំងជាងមុន
11, Apr 2023 , 9:36 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ឱ្យកងកម្លាំងរបស់ប្រទេសពង្រឹងសមត្ថភាពរារាំងសង្គ្រាមក្នុងលក្ខណៈជាក់ស្តែង និងត្រៀមប្រយុទ្ធឱ្យខ្លាំងជាងមុន ដើម្បីប្រឆាំងនឹងអ្វីដែលកូរ៉េខាងជើងមើលឃើញជាចលនាឈ្លានពានពីអាម៉េរិក និងកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) រាយការណ៍នៅថ្ងៃទី១១ ខែមេសា។



ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៅថ្ងៃទី១០ ខែមេសា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានជំរុញឱ្យយោធាត្រៀមខ្លួនឱ្យបានរួចរាល់ជាងមុន។ លោកគីមបាន ជំរុញឱ្យកងកម្លាំងពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាម និងទប់ទល់នឹងការកើនឡើងនៃចលនារបស់ចក្រពត្តិនិយមអាម៉េរិក និងកូរ៉េខាងត្បូងដែលកំពុងបញ្ឆេះសង្រ្គាមឈ្លានពាន។ 
 
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ក៏បានបញ្ជាឱ្យពង្រឹងបន្ថែមទៀតការសមត្ថភាពក្នុងលក្ខណៈជាក់ស្តែង និងត្រៀមវាយប្រហារសត្រូវ។ 
 
កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មខ្លាំងចំពោះសមយុទ្ធយោធារួមគ្នារបស់អាម៉េរិកនិងកូរ៉េខាងត្បូង។ បើតាម KCNA​ មេដឹកនាំកូរ៉េខាងជើងបាននិយាយថា សមយុទ្ធយោធានេះមានគោលបំណងហ្វឹកហាត់សម្រាប់សង្រ្គាម និងបង្ខំឱ្យទីក្រុងព្យុងយ៉ាងបង្ហាញការឆ្លើយតបជាក់ស្តែងដូចជាជម្រើសយោធាជាដើម។ 
 
កងកម្លាំងកូរ៉េខាងត្បូង និងអាម៉េរិកបានធ្វើសមយុទ្ធប្រចាំឆ្នាំចាប់តាំងពីខែមីនាមក ដោយបូករួមទាំងការធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្រដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាម៉េរិក និងយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 និងសមយុទ្ធចុះចតលើផ្ទៃទឹកខ្នាតធំជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ។
 
ចំណែកកូរ៉េខាងជើងវិញក៏បានអនុវត្តសកម្មភាពយោធាផ្សេងៗ ដូចជាការបង្ហាញពីក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលមានទំហំតូចជាងមុន សាកល្បងយន្តហោះដ្រូនបើកវាយប្រហារក្រោមទឹក​ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាម៉េរិកជាដើម៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com