អន្តរជាតិ
ក្រុងប៉េកាំង ព្រមានការប្រកាសឯករាជ្យរបស់តៃប៉ិធ្វើឱ្យប៉ះពាល់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់
11, Apr 2023 , 11:01 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមេសា។ រូបភាពក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមេសា។ រូបភាពក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១០ ខែមេសា បានជំទាស់ជាថ្មីរាល់សកម្មភាពគាំទ្រឯករាជ្យរបស់តៃវ៉ាន់។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ បានបង្កឱ្យមានការគំរាមកំហែងយ៉ាងខ្លាំង ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

 
ជំនួបរវាងលោកស្រី Tsai Ing-wen ប្រធានាធិបតីចិន និងលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក នៅក្នុងដីអាម៉េរិក បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ ក្រោយជំនួបនេះ ចិន បានធ្វើសមយុទ្ធយោធា ក៏ដូចជាបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងល្បាតនៅច្រកសមុទ្រតៃវ៉ាន់ថែមទៀត ដើម្បីបង្ហាញសាច់ដុំ ក៏ដូចជាគំរាមកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។ 
 
«ការគំរាមកំហែងដ៏ខ្លាំងចំពោះសន្តិភាពលើច្រកសមុទ្រ គឺកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់, សកម្មភាពខុសច្បាប់របស់បរទេស និងការគាំទ្ររបស់ពួកគេចំពោះកម្លាំងតៃវ៉ាន់»។ លោក Wang បានបញ្ជាក់បែបនេះទៅកាន់សំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរពាក់ព័ន្ធនឹងសមយុទ្ធយោធានៅថ្ងៃទី១០ ខែមេសា។ 
 
ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងស្ថិរភាព គឺមិនអាចលាយជាមួយគ្នាបានឡើយ ដោយសារវាប្រៀបដូចជាទឹក និងភ្លើង។ 
 
កន្លងមក ចិន បានប្តេជ្ញាបង្រួបបង្រួមដែនដីទាំងពីរ ប្រកបដោយសន្តិភាព។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង ក៏មិនភ្លេចព្រមានពីការចាត់វិធានការឱ្យបានរឹតរ៉ឹងបំផុត ក្នុងករណីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យពីខ្លួន។ បើទោះតៃវ៉ាន់មានរដ្ឋាភិបាលផ្ទាល់ខ្លួនក្តី ប៉ុន្តែចិនតែងតែចាត់ទុកដែនកោះមួយនេះ ជាផ្នែកមួយរបស់ខ្លួន។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល លោក Wang ក៏បានការពារពីសកម្មភាពយោធាចិននៅជុំវិញតៃវ៉ាន់ផងដែរ ដោយអះអាងថា វាជាការព្រមានចំពោះសកម្មភាពបង្ករឿងពីសំណាក់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងការចូលដៃជើងពីសំណាក់បរទេស។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន គឺចង់សំដៅទៅអាម៉េរិក ដែលតែងមានទំនាក់ទំនងជាមួយតៃវ៉ាន់ និងលក់អាវុធឱ្យដែនកោះមួយនេះ ក្រោមហេតុផលការពារប្រជាធិបតេយ្យ និងច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩។ 
 
សមយុទ្ធចិននៅជុំវិញតៃវ៉ាន់ «Joint Sword» បានបិទបញ្ចប់ហើយនៅថ្ងៃទី១០ ខែមេសា ក្រោយធ្វើឡើងរយៈពេល បីថ្ងៃ ដោយផ្តើមឡើងនៅថ្ងៃទី៨ ខែមេសា។ មិនខុសពីអ្នកនាំពាក្យក្រសួងការបរទេសចិនឡើយ លោក Shi Yi អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើត បានបញ្ជាក់ថា សមយុទ្ធយោធាចិន ជាការព្រមានចំពោះសកម្មភាពការចូលដៃគ្នារវាងកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងកម្លាំងបរទេស រួមទាំងប្រឆាំងនឹងសកម្មភាពបង្ករឿង។ បើតាមអ្នកនាំពាក្យរូបនេះ សមយុទ្ធរបស់ចិន បានទទួលជោគជ័យលើគ្រប់ផែនការទាំងអស់៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com