ជាតិ
លោក ហ៊ុន ម៉ានី៖ គោលបំណងធំនៃការបត់បេះដូង ដើម្បីបង្ហាញក្តីស្រឡាញ់ គាំទ្រអត្តពលិកស៊ីហ្គេម-ប៉ារ៉ាហ្គេម
11, Apr 2023 , 6:49 pm        
រូបភាព
គោលបំណងសំខាន់ ក្នុងចំណោមគោលបំណងធំៗ នៃយុទ្ធនាការបត់បេះដូងក្រដាសនៅប្រាសាទអង្គ ដើម្បីបង្ហាញក្តីស្រឡាញ់ និងគាំទ្រដល់អត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម របស់កម្ពុជា។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អះអាងបែបនេះចំពោះមុខអ្នកចូលរួមប្រកាសលទ្ធផលកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records នៅល្ងាចថ្ងៃទី១១ ខែមេសា នាខេត្តសៀមរាប។



កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ ក្រៅពីស៊ីហ្គេម កម្ពុជា ក៏នឹងរៀបចំកីឡាប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។
 
នាពិធីប្រកាសលទ្ធផលកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records ដោយកម្ពុជាបានបំបែកកំណត់ត្រារបស់អង់គ្លេសក្នុងចំនួន ៣,៩១៧,៨០៥បេះដូង លោក ហ៊ុន ម៉ានី បានរៀបរាប់ពីគោលបំណងនៃយុទ្ធនាការនេះដោយផ្តោតសំខាន់ ទៅលើអត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេមកម្ពុជា។
 
«គោលបំណងធំមួយ ក្នុងចំណោមគោលបំណងធំៗជាច្រើន ដើម្បីបង្ហាញទឹកចិត្ត ក្តីស្រឡាញ់ និងការគាំទ្រទៅដល់ក្រុមអត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង។
យើងបត់បេះដូងនេះដើម្បីរំលឹកដល់ការខិតខំប្រឹងប្រែងរបស់អត្តពលិក ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ»។ នេះជាការបញ្ជាក់របស់ប្រធាន ស.ស.យ.ក មុនបង្ហាញការអរគុណ CAMSOC និងអរគុណអ្នកចូលរួមបត់បេះដូងទាំងអស់។
 
កម្ពុជា បត់បេះដូងក្រដាសបានសរុប ៣,៩១៧,៨០៥បេះដូង ដែលបានបំបែកកំណត់ចាស់របស់ប្រទេសអង់គ្លេសដែលកាន់កំណត់ត្រាបត់បានចំនួន៥៣ ៧០៤បេះដូង។
លោកស្រី Tomomi Sekioka តំណាង Guinness World Records បានប្រគល់លិខិតទទួលស្គាល់ដែលបញ្ជាក់ពីកំណត់ត្រាបេះដូងច្រើនជាងគេលើលោកមកកាន់លោក ហ៊ុន ម៉ានី រួចរាល់ហើយ។
 
បច្ចុប្បន្ន ម្ចាស់កំណត់ត្រាបេះដូងក្រដាស (Largest display of origami hearts) កាន់កាប់ដោយគម្រោង Paper Hearts Project ក្រុង Chatham ចក្រភពអង់គ្លេស។ គម្រោងនេះ សម្រេចបានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ក្រុមនិស្សិតផ្នែកវិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណ នៃសាកលវិទ្យាល័យ Kent៕
 
 

Tag:
 ស៊ីហ្គេម២០២៣
  កំណត់ត្រាបេះដូង
© រក្សាសិទ្ធិដោយ thmeythmey.com