អន្តរជាតិ
នាវានិងយន្តហោះចម្បាំងចិន នៅមានវត្តមានជុំវិញតៃវ៉ាន់ ទោះសមយុទ្ធបញ្ចប់
11, Apr 2023 , 10:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ខ្លួនចាប់បានសញ្ញាយន្តហោះយោធាចិនចំនួន ៩១គ្រឿង  និងនាវាចំនួន ១២គ្រឿងនៅជុំវិញដែនកោះរបស់ខ្លួន ក្នុងថ្ងៃទី១០ ខែមេសា។ នេះជាការបញ្ជូនចំនួនយន្តហោះយោធាដ៏ច្រើនបំផុតពីសំណាក់ចិននៅជុំវិញកោះតៃវ៉ាន់។ តៃវ៉ាន់ក៏នៅចាប់សញ្ញានាវាចម្បាំង និងយន្តហោះចម្បាំងចិន ទោះសមយុទ្ធចប់ក្ដី។

 
ក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១០ ខែមេសា តៃវ៉ាន់ ចាប់បានសញ្ញាយន្តហោះចម្បាំងចិន ៩១គ្រឿងនៅជុំវិញដែនកោះខ្លួន។ នេះជាចំនួនដ៏ច្រើនបំផុត ខណៈកន្លងមកចំនួនយន្តហោះចម្បាំងដ៏ច្រើនបំផុតនៅជុំវិញតៃវ៉ាន់មានត្រឹម ៧១គ្រឿងប៉ុណ្ណោះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ 
 
វត្តមានយន្តហោះចម្បាំងដ៏ច្រើននេះ ធ្វើឡើងស្របពេលចិនបានបិទបញ្ចប់សមយុទ្ធយោធារបស់ខ្លួនរយៈពេល ៣ថ្ងៃ ដោយនាវាដឹកយន្តហោះចម្បាំងចិន ចូលរួមផងដែរ។
 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចម្បាំងចំនួន ៥៤គ្រឿង និងនាវាចំនួន ១២គ្រឿង បានឆ្លងបន្ទាត់កណ្តាល ដែលបែងចែករវាងតៃវ៉ាន់ និងចិន រួមទាំងហោះចូលក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ (ADIZ)។ យន្តហោះចម្បាំងរបស់ចិនរួមមាន យន្តហោះ Sukhoi Su-30, យន្តហោះ Chengdu J-10, យន្តហោះ​ Shenyang J-11, យន្តហោះ Shenyang J-15, យន្តហោះ Shenyang J-16 និងយន្តហោះទម្លាក់គ្រាប់បែកជាដើម។ 
 
ក្នុងរយៈពេលសមយុទ្ធយោធាចិន ៣ថ្ងៃនោះ តៃវ៉ាន់ បានអះអាងថា ខ្លួនចាប់បានសញ្ញាយន្តហោះយោធាចិនចំនួន ២៣២គ្រឿង ដែលបានបង្ហាញវត្តមាននៅជុំវិញដែនកោះរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
ទន្ទឹមនេះ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១១ ខែមេសា បានអះអាងថា យន្តហោះយោធា និងនាវាចម្បាំងចិន នៅតែបន្តបង្ហាញវត្តមាន នៅជុំវិញដែនកោះរបស់ខ្លួន បើទោះសមយុទ្ធយោធា «Joint Sword» បានបិទបញ្ចប់នៅថ្ងៃទី១០ ខែមេសាក៏ដោយ។ 
 
ក្រោយសមយុទ្ធបានបញ្ចប់ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅយប់ថ្ងៃទី១០ ខែមេសា បានរិះគន់សមយុទ្ធចិនថា បង្កឱ្យមានអស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។ ត្រង់ចំណុចនេះ លោកស្រី Tsai បានចាត់ទុកកាយវិការរបស់ចិន ជាការមិនទទួលខុសត្រូវ  ក្នុងនាមជាមហាអំណាចនៅក្នុងតំបន់។ 
 
សូមបញ្ជាក់ថា សមយុទ្ធយោធាខាងលើ ជាការឆ្លើយតបនឹងជំនួបរវាងលោកស្រី Tsai និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងទឹកដីអាម៉េរិកនៅពេលកន្លងទៅ៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com