ជាតិ
ជប៉ុនត្រៀមបញ្ជូនអាជ្ញាកណ្ដាល៤០​រូប មកស៊ីហ្គេម នៅកម្ពុជា
12, Apr 2023 , 10:19 am        
រូបភាព
បើគ្មានអ្វីប្រែប្រួលទេ ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាល៤០រូប ដើម្បីជួយកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម នាខែឧសភាខាងមុខ។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាជំនួបលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១០ មេសា។

 
« ខ្ញុំជឿជាក់ថាការគាំទ្រនេះនឹងចូលរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្រ្ដ  ដូចគ្នានឹងស្មារតីនៃការចូលរួមចំណែករបស់ប្រទេសជប៉ុន ចំពោះកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន នាឆ្នាំមុន»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
 
កន្លងមក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសចំនួនប្រតិភូកីឡាទាំង១១ប្រទេស សរុប១២៤០៤នាក់ ដែលត្រូវចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចំណោម១១ប្រទេស ថៃ បញ្ជូនប្រតិភូកីឡាច្រើនជាងគេចំនួន ១៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១៨០២នាក់ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ មានចំនួន១១៥៨នាក់។
 
ក្នុងចំណោមប្រទេសចូលរួមទាំង១១ រាប់ទាំងម្ចាស់ផ្ទះកម្ពុជា មានអត្តពលិកចូលរួមសរុបប្រមាណ៨ពាន់នាក់ ដោយប្រជែងក្នុង៣៦ប្រភេទកីឡា លើ៥៨៤វិញ្ញាសា។ ដោយឡែកប្រភេទកីឡាបាល់ទាត់លើតុ (Taqball) ដែលមាន៥វិញ្ញាសា ក៏នឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ ប៉ុន្តែគ្រាន់ជាកីឡាបង្ហាញប៉ុណ្ណោះ មិនមានការផ្តល់មេដាយឡើយ។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។ គិតមកដល់ថ្ងៃទី១០ ខែមេសានេះ កម្ពុជានៅសល់២៥ថ្ងៃប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
 

Tag:
 ប្រាក់ សុខុន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com