ជាតិ
ចូលឆ្នាំ៖ ស្ថាប័នគ្រប់គ្រងចរាចរណ៍ ផ្តល់ការណែនាំមួយចំនួន ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍
12, Apr 2023 , 11:19 am        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានពញ្ញាក់ស្មារតីប្រជាពលរដ្ឋថា គ្រោះថ្នាក់ចរាចរណ៍ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយមានកំណើនខ្ពស់ក្នុងពេលមានពិធីបុណ្យទានៗ។ ហេតុនេះ សម្តេច ផ្តល់ការណែនាំមួយចំនួនទៅប្រជាពលរដ្ឋ ដើម្បីកុំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។



តាមរយៈលិខិត ដែលចេញក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្តេច ស ខេង ផ្តល់ការណែនាំថា អ្នកបើកម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព, អ្នកបើកឡាន ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរដោយប្រុងប្រយ័ត្នជានិច្ច, បើកបរដោយមានការអធ្យាស្រ័យគ្នា, មិនត្រូវបើកបរលើសល្បឿនកំណត់, និងមិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ 
 
ជាមួយគ្នានេះ សម្តេច ថែមទាំងណែនាំទៅដល់ម្ចាស់រថយន្តឈ្នួល កុំឲ្យដាក់អ្នកដំណើរឬទំនិញលើសកំណត់ និងកុំដាក់អ្នកដំណើរលើដំបូលរថយន្ត។ សម្តេច ក៏បានស្នើឲ្យម្ចាស់រថយន្តឈ្នួល កុំដំឡើងតម្លៃសម្រាប់ធ្វើដំណើរផងដែរ។
 
សម្តេចរដ្ឋមន្រ្តី អំពាវនាវដូច្នេះថា៖«សូមបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងភាពសុខដុមរមនាក្នុងគ្រួសារ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕ 
 

Tag:
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com