ជាតិ
អ្នកស្រី ស៊ីមហ៊ាង យកក្រណាត់ខ្មែរ ច្នៃសម្លៀកបំពាក់តាមសម័យកាល ដើម្បីទាញទីផ្សារអន្តរជាតិ
16, Apr 2023 , 9:19 am        
រូបភាព
 សម្លៀកបំពាក់ច្នៃចេញពីតម្បាញខ្មែរ។ រូបពី ហ្វេសប៊ុកកីមាស
សម្លៀកបំពាក់ច្នៃចេញពីតម្បាញខ្មែរ។ រូបពី ហ្វេសប៊ុកកីមាស
ភ្នំពេញ៖ ដើម្បីឱ្យផលិតផលក្នុងស្រុកខ្មែរ ហូល ផាមួង និងស៊ឹងក្រនៀវ មានទីផ្សារ ប្រើប្រាស់បានគ្រប់កម្មវិធី អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បានច្នៃក្រណាត់ទាំងនោះ ទៅជាសម្លៀកបំពាក់បែបប្រពៃណីនិងសម័យ រួមទាំងកាបូប ដើម្បីឱ្យភ្ញៀវជាតិនិងអន្តរជាតិ ស្គាល់ផលិតផលខ្មែរកាន់តែច្រើន។

កត្តាចម្បងដែលជំរុញឱ្យ អ្នកស្រី ស៊ីមហ៊ាង ធ្វើការលើវិស័យ ហូល ផាមួង ស៊ឹង គឺចង់អភិរក្សសម្បត្តិវប្បធម៌ខ្មែរ លើវិស័យតម្បាញ និងជំរុញការងារដល់ស្រ្តីនៅតាមសហគមន៍។ សហគមន៍តម្បាញ៧កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង កំពង់ឆ្នាំ បន្ទាយមានជ័យ បាត់ដំបង ដែលស្រ្តីជាង៩៨ភាគរយធ្វើការនៅទីនោះ ជាអ្នកផ្គត់ផ្គង់ក្រណាត់ ហាងកីមាស។ 
 

អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ។ រូបពីហ្វេសប៊ុក អ្នកស្រី ស៊ីមហ៊ាង

អ្នកស្រី ស៊ីមហ៊ាង ចាប់អាជីពជាអ្នក​ច្នៃកាត់ដេរ ច្នៃម៉ូត និងគាំទ្រតម្បាញខ្មែរ ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយសង្កេតឃើញពលរដ្ឋខ្មែរ និយមចូលចិត្តស្លៀកពាក់ ហូល ផាមួង ចូលរួមកម្មវិធីជួបជុំធំៗឬប្រពៃណី។ ក្រោយបើកអាជីវកម្មបានពេល៣ឆ្នាំ អ្នកស្រី ក៏កត់សម្គាលឃើញ ២ចំណុច លើអ្នកគាំទ្រសម្លៀកបំពាក់តម្បាញរបស់ខ្មែរ។ ទីមួយ គឺតម្លៃហូល ផាមួងខ្មែរ ដែលផលិតដោយដៃ មានតម្លៃខ្ពស់ ក្នុងមួយក្បិនប្រមាណ១០០ដុល្លារ ដល់៥០០ដុល្លារ។ ចំណុចមួយទៀត គឺភាពច្នៃប្រឌិតម៉ូត។ 
 
ហេតុនេះ នៅឆ្នាំ២០១៨ ម្ចាស់ហាងកីមាសរូបនេះ បានចាប់ផ្ដើមយកក្រណាត់តម្បាញខ្មែរខាងលើ ច្នៃទៅជាអាវធំក្រៅបុរសស្រ្តី រ៉ូបសម័យថ្មី កាបូប ទៅតាមតម្រូវការរបស់ភ្ញៀវ ដោយប្រើក្រណាត់ហូល ផាមួង និងស៊ឹងក្រនៀវ។ 
 

សម្លៀកបំពាក់ច្នៃម៉ូតចេញពីស៊ឹងក្រនៀវ។ រូបពី ហ្វេសប៊ុកកីមាស

«ម៉ូតថ្មីៗ តាមសម័យកាលនេះ អាចឱ្យបរទេសស្គាល់ផលិតតម្បាញខ្មែរច្រើន ហើយអ្នកពាក់ អាចពាក់ទៅចូលរួមប្រជុំធំៗ ទាំងបែបសម័យនិងប្រពៃណី ហើយភ្ញៀវងាយស្រួលស្លៀកពាក់ តាមចំណូលចិត្តដែលចង់បានរបស់ពួកគេ ព្រោះអ្នកខ្លះចូលចិត្តស្លៀករ៉ូប អាវធំ ហើយអ្នកខ្លះក៏សំពត់ប៉ាក់»។ នេះបើតាមអ្នកស្រី ស៊ីមហ៊ាង លើកឡើងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា បញ្ហាតម្លៃវិញ អ្នកស្រីមានជម្រើសច្រើនឱ្យភ្ញៀវ។ 
 

កាបូបច្នៃចេញពីក្រណាត់តម្បាញរបស់ខ្មែរ។ រូបពី ហ្វេសប៊ុករបស់ អ្នកស្រី ស៊ីមហ៊ាង 

សម្រាប់ពលរដ្ឋដែលមានលទ្ធភាព អាចប្រើហូល ផាមួង ទៅតាមតម្លៃដែលពេញចិត្តក្នុងការច្នៃម៉ូត។ ដោយឡែក សម្រាប់អ្នកមានបំណងចង់បានសម្លៀកបំពាក់ច្រើនម៉ូត ហើយចំណាយតិច គឺអាចប្រើស៊ឹងក្រនៀវ។ ក្រនៀវ មានតម្លៃត្រឹម២៥ដុល្លារប៉ុណ្ណោះ ក្នុងមួយក្បិន ដែលពលរដ្ឋទូទៅមានលទ្ធភាពប្រើប្រាស់។ ប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បញ្ជាក់បែបនេះ ។
 
អ្នកស្រីសម្គាល់ឃើញថា ពលរដ្ឋច្រើនក៏ងាកមកស្គាល់និងប្រើប្រាស់ក្រនៀវខ្មែរច្រើនដែរ។ 
អ្នកស្រី ស៊ីមហ៊ាង បានបន្ថែមថា ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ ពុំសូវមានតម្បាញឡើយ ដោយសារវាច្នៃពីសរសៃសូត្រ ឬអំបោះ ដែលនៅសេសសល់។ គេត្បាញវេញឱ្យខ្មាញ់ និងបញ្ចូលគ្នា។ បើតាមអ្នកស្រី ស៊ីមហ៊ាង ក្រណាត់ប្រភេទនេះ គឺងាយស្រួលថែទាំនិងសម្អាត ជាង ហូល ផាមួង។ 
 

កាបូបច្នៃចេញពីក្រណាត់តម្បាញខ្មែរ។ រូបពី ហ្វេសប៊ុកកីមាស

សព្វថ្ងៃ បញ្ហាប្រឈមដែលអ្នកស្រី ស៊ីមហ៊ាង ជួបប្រទេះ គឺកម្លាំងតម្បាញតាមសហគមន៍នៅខ្វះខាត ហើយមានតម្លៃខ្ពស់។ យ៉ាងណាក្ដី អ្នកស្រី នៅតែបន្តនាំយកផលិតផលតម្បាញខ្មែរ ទៅអន្តរជាតិឱ្យកាន់តែច្រើនប្រទេស ខណៈផលិតទាំងនេះ បាននាំចេញនៅអាឡឺម៉ង់ និងអ៊ីតាលីរួចមកហើយ។ ជាគោលដៅ អ្នកស្រី មានបំណង់នាំចេញទៅជប៉ុន និងប្រទេសនៅតំបន់អាស៊ី។ 
 
ទន្ទឹមនឹងនេះ អ្នកស្រី អំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រលើតម្បាញខ្មែរ តាមរយៈសម្លៀកបំពាក់និងម៉តូថ្មីៗទាំងនេះ ដើម្បីជំរុញឱ្យអន្តរជាតិស្គាល់ផលិតផលខ្មែរកាន់តែច្រើន។ អ្នកស្រីចាត់ទុកថា ការរីកចម្រើននៃផលិតខ្មែរ មិនត្រឹមតែជួយដល់ការបង្ហាញអត្តសញ្ញណខ្មែរនោះទេ គឺជួយបង្កើនចំណូល និងមុខរបរក្នុងសហគមន៍ផងដែរ៕ 
 

Tag:
 ផលិតផលខ្មែរ
  ច្នៃម៉ូត
© រក្សាសិទ្ធិដោយ thmeythmey.com