ជាតិ
សេដ្ឋកិច្ច
ព្រលាន​យន្តហោះសៀមរាប-អង្គរ តម្លៃជិត៩០០លានដុល្លារ​ ​នឹង​បើកដំណើរការសាក​ល្បង​​នៅខែមិថុនា
12, Apr 2023 , 6:59 pm        
រូបភាព
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវដាក់ឱ្យដំណើរការសាងល្បង​នាអំឡុងខែមិថុនា ហើយប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃទី២៣តុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីតម្លៃជិត៩០០លានដុល្លារដែលជាការវិនិយោគរបស់ក្រុមហ៊ុនAngkor International Airport Investment(AIAI) នេះ គឺមានសមត្ថភាពមានផ្ទុកដំណើរបាន៧លាននាក់ក្នុងមួយឆ្នាំ។

 
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវបានសាងសង់រួចរាល់នៅក្នុងខែមីនា ហើយបច្ចុប្បន្នក្រុមការងារកំពុងរៀបចំប្រតិបត្តិការ​និងត្រៀមដាក់ដំណើរការសាកល្បងនៅក្នុងខែមិថុនា។ ក្នុងពិធីសម្ពោធជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតានិងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន​អាកាស​​ចរណ៍ ​Air Asia នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានាថ្ងៃទី១០មេសា​ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា  អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ 
 
លោកបន្តនិយាយដូច្នេះ៖ « អាកាសយានដ្ឋានថ្មីនេះ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់4E ដែលមានលេខកូដ ICAO VDSA និង IATA Code name SAI។ អាកាសយានដ្ឋានថ្មីនេះ មានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៧លាននាក់ក្នុងមួយឆ្នាំ ហើយឈានដល់ ១០លាននាក់ក្នុងឆ្នាំ២០២៤»។​
 
អាកាសយានដ្ឋានអន្តរជាតិលំដាប់4Eនេះ មានផ្លូវបត់រត់ប្រវែង៣ ៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាពនិងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។
 
សូមជម្រាបថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ គឺមាន​ផ្ទៃដី​១ ៧០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ដោយប្រើរយៈពេល៣៦ខែដើម្បីសាងសង់ឡើង ពោលគឺចាប់ពីថ្ងៃទី​១៥ មីនា ឆ្នាំ​២០២០មក។ ដោយឡែក​ នៅក្នុងឆ្នាំ២០២៤ កម្ពុជាគ្រោងបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន២កន្លែងទៀត។ ក្នុងនោះ មានអាកាសយានយន្តអន្តរជាតិភ្នំពេញតេជោក្រោមទុនវិនិយោគប្រមាណ១ ៥០០លានដុល្លារ ពីក្រុមហ៊ុនក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)  និងអាកាសយានដ្ឋានអន្តរជាតិ តារា សាគរ អង្គរ ក្នុងខេត្តកោះកុង ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group(UDG) ជាមួយ​ទុនវិនិយោគ ៣៥០លាន​ដុល្លារ​។
 
​ក្រៅពី​ព្រលានយន្តហោះ​អន្តរជាតិ​ខាងលើនេះ កម្ពុជា​ក៏​មាន​គ្រោង​អភិវឌ្ឍ​លើ​ព្រលានយន្តហោះ​ក្នុងស្រុក​ផ្សេងៗ​ទៀត​។ ដូចជា៖ ព្រលានយន្តហោះ​នៅក្នុង​ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរី ជាដើម​៕ 
 

Tag:
 សៀមរាប
  អាកាសយានដ្ឋានអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com