អន្តរជាតិ
បក្សកាន់អំណាចតៃវ៉ាន់ ជ្រើសលោក William Lai ជាបេក្ខភាពប្រធានាធិបតី
12, Apr 2023 , 5:19 pm        
រូបភាព
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក William Lai អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
បក្សកាន់អំណាចតៃវ៉ាន់ប្រជាធិបតេយ្យ​ជឿនលឿន (DPP) បានជ្រើសតាំងលោក William Lai អនុប្រធានាធិបតី និងជាប្រធានបក្សផង ​ជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅក្នុងខែមករា ឆ្នាំ២០២៤។

 
គណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) នៅថ្ងៃ១០ ខែមេសា បានប្រកាសជ្រើសតាំង លោក William Lai ប្រធានបក្ស និងជាអនុប្រធានាធិបតីតៃវ៉ាន់ ជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត នៅក្នុងខែមករា ឆ្នាំ២០២៤ ដើម្បីស្នងតំណែងលោកស្រី Tsai Ing-wen ។ លោកស្រី Tsai  នឹងផុតអាណត្តិនៅខែឧសភា ឆ្នាំ២០២៤។ 
ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការកណ្តាលរបស់បក្ស ក្នុងថ្ងៃទី១២ ខែមេសា លោក Lai ដែលមានវ័យ៦៣ឆ្នាំ បានទទួលយកការជ្រើសតាំងនេះ និងប្រកាសបន្តគោលនយោបាយរបស់ប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន។ 
 
«ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលត្រូវបានជ្រើសតាំង...ដើម្បីដឹកនាំបេសកកម្មក្នុងការការពារតៃវ៉ាន់»។ ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តសរសើរពីគោលនយោបាយនយោបាយរបស់លោកស្រី Tsai ក្នុងការដើរលើប្រជាធិបតេយ្យ និងប្រឈមមុខចំពោះអនាគត។ 
 
ការជ្រើសរើសលោក Lai ធ្វើឡើងស្របពេលតៃវ៉ាន់ និងចិន កំពុងមានភាពល្អក់កករ ដោយសារក្រុងប៉េកាំង យល់ឃើញថា ក្រុងតៃប៉ិ ស្វះស្វែងរកការប្រកាសឯករាជ្យចេញពីខ្លួន និងការលូកដៃពីសំណាក់ក្រុងវ៉ាស៊ីនតោន។ កន្លងមក លោក Lai ក៏មានជំហរមិនខុសពីលោកស្រី​ Tsai ដែរលើការគាំទ្រឯករាជ្យតៃវ៉ាន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ប៉េកាំងឡើយ។
 
បើសិនបើឈ្នះការបោះឆ្នោតជាថ្មី បក្សប្រជាធិបតេយ្យជឿនលឿន នឹងមានប្រធានាធិបតីកាន់អំណាចច្រើនជាង ២អាណត្តិ ចាប់តាំងពីការបោះឆ្នោតប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើង នៅក្នុងឆ្នាំ១៩៩៦។ កន្លងមក អនុប្រធានាធិបតីតៃវ៉ាន់ មិនទាន់ក្លាយជាប្រធានាធិបតីតៃវ៉ាន់នៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
នៅថ្ងៃទី១២ ខែមេសា​ដដែលនេះ លោកស្រី Tsai បានជួបជាមួយសមាជិកសភាកាណាដានៅការិយាល័យរបស់ខ្លួន ក្រោយជំនួបជាមួយប្រធានសភាតំណាងអាម៉េរិក។ 
 
បើតាមប្រធានាធិបតីតៃវ៉ាន់ ទស្សនកិច្ចរបស់លោកស្រីនៅតំបន់អាម៉េរិកកណ្តាល ជាសារទៅកាន់សហគមន៍អន្តរជាតិថា តៃវ៉ាន់ប្តេជ្ញាការពារសេរីភាព និងប្រជាធិបតេយ្យ ដែលទទួលបានការគាំទ្រពីប្រទេសជាដៃគូ។ លោកស្រី ក៏បានជំរុញឱ្យប្រទេសប្រជាធិបតេយ្យរួមគ្នាផងដែរ ស្របពេលរបបផ្តាច់ការកំពុងពង្រីកខ្លួន៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com