អន្តរជាតិ
លោក ស៊ី ប្រាប់ឱ្យកងទ័ពចិនង្រឹងសមត្ថភាពសម្រាប់ការប្រយុទ្ធជាក់ស្ដែង
13, Apr 2023 , 2:39 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រាប់ឱ្យកងទ័ពចិនពង្រឹងសមត្ថភាពសម្រាប់ការប្រយុទ្ធជាក់ស្ដែង។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី១២ ខែមេសា បន្ទាប់ពីចិនទើបបញ្ចប់សមយុទ្ធនៅក្បែរតៃវ៉ាន់។

 
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោក ស៊ី ជិនភីង បានចុះត្រួតពិនិត្យកងទ័ពជើងទឹកចិនក្នុងខេត្តគ័ងតុងដែលចំណុះទីបញ្ជាការភូមិភាគខាងត្បូង។ លោក ស៊ី ក៏ណែនាំឱ្យយោធាចិនការពារអធិបតេយ្យចិន និងផលប្រយោជន៍ផ្លូវទឹកឱ្យបានដាច់ខាត។
 
ចំពោះមុខមន្រ្តីយោធាជាន់ខ្ពស់ជាច្រើន លោក ស៊ី ដែលជាប្រធានគណៈកម្មការយោធាយោធាមជ្ឈិមក៏មានអំណាចផងនោះ ក៏លើកឡើងដែរថា ចិនត្រូវមាននវានុវត្តន៍ទាំងទ្រឹស្តី និងមធ្យោបាយប្រយុទ្ធ។ នេះបើតាម CCTV ។
 
ការលើកឡើងរបស់ប្រធានាធិបតីចិន ធ្វើឡើងបន្ទាប់ពីចិនទើបបញ្ចប់សមយុទ្ធបីថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលជាការឆ្លើយតបនឹងជំនួបមេដឹកនាំតៃវ៉ាន់ និងអាម៉េរិក។ ក្នុងសមយុទ្ធនេះ យោធាចិនដែលមានយន្តហោះចម្បាំង និងនាវាចម្បាំងរាប់សិបគ្រឿង ធ្វើលំហាត់ឡោមព័ទ្ធនៅក្បែរកោះតៃវ៉ាន់។ នាវាដឹកយន្តហោះ Shandong ក៏មានវត្តមានក្នុងសមយុទ្ធនេះដែរ។
 
នៅមិនឆ្ងាយពីតៃវ៉ាន់ អាម៉េរិកវិញក៏កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយហ្វីលីពីនក្នុងសមុទ្ធចិនខាងត្បូងដែរ។ ជាលើកដំបូងផងនោះ សមយុទ្ធរវាងអាម៉េរិក និងហ្វីលីពីន ក៏មានការហ្វឹកហាត់បាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងដែរ។
 
ទោះគ្មានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ហើយប្រកាន់នយោបាយចិនតែមួយក្ដី អាម៉េរិកជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់តៃវ៉ាន់សម្រាប់ការការពារខ្លួន៕ 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com