ស្របពេលពលរដ្ឋខ្មែរ ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពលរដ្ឋខ្មែរកម្ពុជាក្រោមក៏ត្រៀមខ្លួនជាស្រេចក្នុងការទទួលទេវតាថ្មី និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ។ រាល់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរកម្ពុជាក្រោម គឺនិយមស្លៀកសម្លៀកបំពាក់ប្រពៃណី ចូលទីវត្តអារាមដែលជាកន្លែងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តសប្បាយ។
ដ្បិតពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅក្រោមការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាលវៀតណាមយ៉ាងណាក្តី ក៏ពលរដ្ឋទាំងនោះខំប្រឹងប្រែងថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរមិនឱ្យបាត់បង់ដែរ។ មិនខុសគ្នាពីពលរដ្ឋខ្មែរនៅកម្ពុជាទេ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានរៀបចំវត្ត ផ្ទះសម្បែង និងរៀបចំខ្លួន ដើម្បីទទួលទេវតាថ្មីនេះ។
ជាមួយនឹងការចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ យុវជនប្រុស-ស្រីដែលរស់នៅក្នុងទឹកដីកម្ពុជាក្រោម គឺនិយមស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីចូលលេងកម្សាន្តនៅតាមវត្តអារាម។ បើតាមលោក ប៊ុន មុន្នី ប្រធានសមាគមខ្មែរកម្ពុជាក្រោម ការស្លៀកពាក់ប្រពៃណីរបស់យុវជនខ្មែរក្រោមនេះ គឺធ្វើឡើងទៅតាមការរៀបចំកម្មវិធីកម្សាន្តនានារបស់គណៈកម្មាវត្តនីមួយៗ។
«បើនៅក្នុងវត្តមានការរៀបចំកម្មវិធីប្រគុំតន្ត្រីប្រពៃណី លេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី យុវជនខ្មែរក្រោមភាគច្រើន គឺស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរយើង»។ លោក មុន្នី បានថ្លែងបែបនេះមកកាន់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបានបញ្ជាក់ថា៖ « ក្រុមយុវជនខ្មែរក្រោមជាទូទៅ គឺពួកគាត់ស្លៀកពាក់ប្រពៃណីខ្មែរចូលវត្ត និងចូលរួមរៀបចំកម្មវិធីប្រពៃណីនានាដែលព្រះចៅអធិការបានអនុម័ត»។
ចំពោះល្បែងប្រជាប្រិយដែលយុវជនខ្មែរក្រោមនិយមលេងកម្សាន្តនោះមាន៖ ការលេងបោះអង្គញ់,
ចោលឈូង, លាក់កន្សែង, ទាញព្រ័ត្ត និងល្បែងលោតបាវ...ជាដើម។ ល្បែងកម្សាន្តទាំងនេះ ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត តែងតែរៀបចំឡើងក្នុងពិធីអបអរបុណ្យចូលឆ្នាំខ្មែរ។
ទីវត្តអារាមដែលយុវជននិយមស្លៀកពាក់ប្រពៃណីខ្មែរលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងចូលរួមកម្មវិធីកម្សាន្តផ្សេងៗ គឺមាននៅវត្តដើមអំពិល និងវត្តលក្ខណវង្ស ឈូងធំ ស្ថិតនៅក្នុងខេត្តឃ្លាំង។ លោក ប៊ុន មុន្នី បន្តនិយាយយ៉ាងដូច្នេះ៖ « ជាពិសេសនៅខេត្តព្រះត្រពាំង គឺមានយុវជនខ្មែរក្រោមយើងជាច្រើនស្លៀកពាក់ប្រពៃណីខ្មែរសឹងគ្រប់គ្នា នៅតាមគ្រប់វត្តអារាមនីមួយៗ»។
បើតាមប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះ នៅក្នុងទឹកដីកម្ពុជាក្រោម គឺមានជាង៤០០វត្ត។ ដោយឡែក ខេត្តដែលពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេ គឺនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងខេត្តពលលាវ៕