ជាតិ
វគ្គផ្ដាច់ព្រ័ត្រអុកចត្រង្គ÷ ឈាវ បូរ៉ា ថា សុខ លឹមហេង ជាដៃគូប្រជែង មានកម្រិតខ្ពស់ជាងគេ ដែលពិបាកយកឈ្នះ
15, Apr 2023 , 9:07 pm        
រូបភាព
កីឡាករ ឈាវ បូរ៉ា ឡើងទៅដណ្ដើមតំណែងស្ដេចអុកលើកទី៣ ក្រោយទម្លាក់ ហេង សៅឌី នាថ្ងៃទី១៥ មេសានេះ ។ ឈាវ បូរ៉ា ត្រូវឡើងទៅជួប សុខ លឹមហេង នាវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៦ មេសា។

 
ក្នុងការប្រកួតនេះ ឈាវ បូរ៉ា បានយកឈ្នះលើ ហេង សៅឌី មួយក្តារ និងស្មើមួយក្ដា នៃការប្រកួត៣ក្ដារ។ បានន័យថា បូរ៉ា បាន១ពិន្ទុ ក្រោយឈ្នះ ហេង សៅឌី មួយក្ដារ ដូច្នេះការប្រកួតគេកំណត់យកតែក្ដារទេ។ 
 

ងាកទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ ឈាវ បូរ៉ា មិនទាន់អាចធានាថា អាចទទួលបានជ័យជម្នះ១០០ភាគរយនោះទេ ដោយសារតែ សុខ លឹមហេង ជាកីឡាករអុកម្នាក់ ដែលមានសមត្ថភាពខ្ពស់ និងមិនអាចធ្វេសប្រហែសបានឡើយ។
 
«និយាយតាមភាពជាក់ស្ដែងទៅ សមត្ថភាពប្រហាក់ប្រហែលគ្នា , និយាយពីបច្ចេកទេស គឺម្យ៉ាងម្នាក់, និយាយពីភាគរយ គឺ៥០ភាគរយៗ, និយាយរួមទៅពួកយើង ក៏ជាកីឡាករក្នុងក្លិបអុកតែមួយដែរ»។ នេះបើតាមលោក ឈាវ បូរ៉ា អតីតស្ដេចអុក២លើក។
 
តែយ៉ាងណា កីឡាករទាំងពីររូបនេះ ធ្លាប់ជួបគ្នាច្រើនលើកហើយ ដោយយកឈ្នះគ្នាទៅវិញទៅមក។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក បូរ៉ា បន្ថែមថា ÷« និយាយទៅមកដល់វគ្គនេះហើយ ចំណុចខ្សោយពិបាករកមើលរៀងខ្លួន។ គាត់ក៏ពិបាករក(ចំណុចខ្សោយ) ខ្ញុំ ខ្ញុំក៏ពិបាករកគាត់។ អ៊ីចឹងអ្វីដែលពួកយើងត្រូវធ្វើគឺត្រូវប្រឹងឲ្យអស់ពីសមត្ថភាព ដោយមិនអាចរង់ចាំដៃគូភ្លាត់បានទេ។ ដូច្នេះត្រូវប្រើបច្ចេកទេសរៀងខ្លួន អ្នកណាមានបច្ចេកទេសខ្លាំងជាង អ្នកនោះឈ្នះ»។
 
គួរបញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា ធ្លាប់គ្រងតំណែងស្ដេចអុក ២លើកជាប់គ្នាមកហើយ នៅឆ្នាំ២០១៤ និង២០១៥។ ដៅយឡែក សុខ លឹមហេង ក៏គ្រងតំណែងស្ដេចអុកមួយលើកដែរ នៅឆ្នាំ២០១៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

© រក្សាសិទ្ធិដោយ thmeythmey.com