អន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ ថាសង្រ្គាមនៅកោះនេះនឹងនាំគ្រោះមហន្តរាយដល់ចិន
16, Apr 2023 , 7:39 pm        
រូបភាព
ខណៈចិនបានធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់នាពេលថ្មីៗនេះ ដែលបង្កភាពតានតឹងយ៉ាងខ្លាំងក្នុងតំបន់ អនុប្រធានាធិបតីកោះតៃវ៉ាន់លោក William Lai នាថ្ងៃទី១៥ ខែមេសា បានព្រមានថា​ សង្គ្រាមលើទឹកដីកោះនេះនឹងនាំមកនូវមហន្តរាយពិភពលោកដែលចិននឹងពិបាកក្នុងការ ទទួលយក។

ចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានរៀបចំសមទុយ្ធសង្គ្រាមជុំវិញកោះនេះក្នុងខែ មេសាដើម្បីបង្ហាញពីការខឹងសម្បាររបស់ខ្លួននៅក្នុងកិច្ចប្រជុំនៅទីក្រុង Los Angeles រវាងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងអាមេរិកលោក Kevin McCarthy ។
 
ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Tainan ភាគខាងត្បូងកោះតៃវ៉ាន់ លោក Lai ដែលបច្ចុប្បន្នកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សកំពុងកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) លើកឡើងថា សង្រ្គាមមួយនឹងមិនមានអ្នកឈ្នះនោះទេ។ អ្វីដែលលោកសង្ឃឹមគឺចិនបានយល់យ៉ាងជាក់លាក់ពីរឿងនេះផងដែរ។
 
«ចិនគួរតែដឹងយ៉ាងច្បាស់ថានៅពេលដែលសង្រ្គាមកើតឡើងលើកោះតៃវ៉ាន់ តៃវ៉ាន់នឹងទទួល រងគ្រោះដោយផ្ទាល់ ប៉ុន្តែវាក៏នឹងបង្កឱ្យមានមហន្តរាយជាសកលដែលចិននឹងពិបាកទ្រាំទ្រ»។ អនុប្រធានាធិបតីតៃវ៉ាន់ Lai សង្កត់ធ្ងន់បែបនេះបើតាមឯកសារផ្ដល់ដោយ DPP។ 
 
លោក Lai បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ជា​ផ្លូវការ​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​កាន់​តំណែង​ជាអនុប្រធានាធិបតីបាន​ពីរ​អាណត្តិ។ លោកស្រី Tsai ត្រូវ​បាន​រារាំង​ដោយ​រដ្ឋ ធម្មនុញ្ញ​មិន​ឱ្យ​ឈរ​ឈ្មោះជា​ថ្មីម្ដង​ទៀត​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​មករា​ខាង​មុខឡើយ។
 
គណបក្ស​ប្រឆាំង​​​គឺ​គណបក្ស​គួ​មិ​ង​តាំង ឬ KMT ដែលជា​ទម្លាប់​ចូលចិត្ត​មានទំនាក់​ទំនង ​ជាមួយ​ក្រុងប៉េកាំងហើយ​បាន​រិះគន់ DPP ម្តង​ហើយម្ដងទៀត​ចំពោះភាពជាសត្រូវជាមួយចិន ផងដែរ។ យ៉ាងណាមិញ KMT មិន​ទាន់​សម្រេច​ចិត្ត​លើបេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន ​នៅ​ឡើយ​ទេ។
 
កន្លងមក លោក Lai បាននិយាយថាទោះចិនមិនបានប្រកាសការប្រើប្រាស់កម្លាំងលើកោះ តៃវ៉ាន់ជាផ្លូវការ ក៏កោះនេះត្រូវតែត្រៀមលក្ខណៈដើម្បីការពារខ្លួន។ ប៉ុន្តែលោកបានកត់ សម្គាល់ថាគ្មាននរណាម្នាក់ចង់ផ្តួចផ្តើមគំនិតដើម្បីវាយប្រហារចិននោះទេ។ បន្ថែមពីនេះ លោកនឹងមិនបោះបង់ឱកាសណាមួយក្នុងផ្លូវសន្តិភាពឡើយដោយលោកបានរំលឹកឡើងវិញអំពីការអំពាវនាវរបស់លោកស្រី Tsai ឱ្យមានការសន្ទនាជាមួយចិនដោយផ្អែកលើសមភាព និងការគោរព៕
 

Tag:
 ចិន
  តៃវ៉ាន់
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com