អន្តរជាតិ
លោកពូទីន និងប្រមុខការពារជាតិចិន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធា
17, Apr 2023 , 12:09 pm        
រូបភាព
លោក Li Shangfu រដ្ឋមន្រ្តីការពារចិន (ខាងឆ្វេង), លោក Sergei Shoigu សមភាគីរុស្ស៊ី (កណ្តាល) និងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Reuters
លោក Li Shangfu រដ្ឋមន្រ្តីការពារចិន (ខាងឆ្វេង), លោក Sergei Shoigu សមភាគីរុស្ស៊ី (កណ្តាល) និងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Reuters
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមេសា បានទទួលរដ្ឋមន្រ្តីការពារជាតិចិន លោក Li Shangfu ក្នុងក្រុងមូស្គូ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរកាន់តែស្អិតរមួត។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំរុស្ស៊ី និងរដ្ឋមន្រ្តីមន្រ្តីចិន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា ស្របពេលក្រុងមូស្គូ កាន់តែរងសម្ពាធពីប្រទេសលោកខាងលិច។

 
មន្រ្តីចិន និងថ្នាក់ដឹកនាំចិន បានធ្វើទស្សនកិច្ចគ្រាក់ៗនៅរុស្ស៊ី មួយរយៈចុងក្រោយនេះ ស្របពេលសេដ្ឋកិច្ចរុស្ស៊ី កាន់តែស្ថិតនៅឯកោពីលោកខាងលិច និងបណ្តាប្រទេសមួយចំនួន។ មន្រ្តីចិនចុងក្រោយ គឺលោក Li Shangfu រដ្ឋមន្រ្តីការពារជាតិចិន បានធ្វើទស្សនកិច្ចនៅក្រុងមូស្គូ ក្នុងថ្ងៃទី១៦ ខែមេសា។ 
 
ក្នុងទស្សនកិច្ចនេះ លោក Li ក៏បានជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីផងដែរ។ តាមរយៈកិច្ចសន្ទនានោះ លោកពូទីន បានបញ្ជាក់ថា យោធាប្រទេសទាំងពីរ កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្ម តាមរយៈការដោះដូរព័ត៌មាន, ធ្វើការជាមួយគ្នាលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា និងធ្វើសមយុទ្ធយោធារួម។ បើតាមលោកពូទីន កន្លងមក យោធាចិន និងរុស្ស៊ី បានធ្វើទាំងសមយុទ្ធទាំងនៅលើដី កងទ័ពអាកាស និងកម្លាំងទ័ពជើងទឹក។ 
 
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅក្រៅបរទេសចាប់តាំងពីកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិចិន លោក Li បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺមានការអភិវឌ្ឍយ៉ាងល្អ ដោយកិច្ចសហប្រតិបត្តិការនេះ បានជួយពង្រឹងសន្តិសុខក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
លោក Li រដ្ឋមន្រ្តីចិនមួយរូប ដែលស្ថិតនៅក្រោមទណ្ឌកម្មអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៨មក ក្រោមហេតុផលការទូទាត់យន្តហោះចម្បាំង និងសម្ភារយោធាពីក្រុមហ៊ុននាំចេញអាវុធរុស្ស៊ី Rosoboronexport។ 
 
គួររំឭកថា កន្លងមក អាម៉េរិក បានចោទចិនថា ពិចារណាផ្តល់អាវុធឱ្យរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ចិនបានបដិសេធជុំវិញបញ្ហានេះ៕ 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com