ជាតិ
កសិករផ្អាកលក់គ្រាប់ស្វាយចន្ទី ដោយសារតម្លៃទាប
17, Apr 2023 , 8:09 pm        
រូបភាព
រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ រយៈពេល ៣ខែដើមឆ្នាំ ២០២៣ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ២៣៣ ០៥០តោន ទៅកាន់ទីផ្សារធំ គឺប្រទេសវៀតណាម។ ការនាំចេញនេះ បានធ្លាក់ចុះ ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។


 
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតស្វាយចន្ទីឆៅបានប្រមាណ ២៦ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមបាន ២៣៣ ០៥០តោន ដែលគិតជាទឹកប្រាក់ ៣២០លានដុល្លារ។ ការនាំចេញនេះ គឺបានថយចុះ ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ប្រទេសវៀតណាម ត្រូវបានធ្លាក់ចុះនៅចុងខែមីនា។ ការណ៍នេះមកពី តម្លៃទាប ដែលធ្វើឱ្យកសិករផ្អាកលក់។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រហែល ៤ពាន់រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊ីឡុត ថា តម្លៃនេះ ប្រសិនបើ កសិករប្រញាប់លក់ នឹងមិនទទួលបានប្រាក់ចំណេញនោះទេ។ 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
 
ប្រធានសមាគមស្វាយចន្ទីរូបនេះ ក៏បានណែនាំដល់សមាជិកកសិករទាំងអស់ឱ្យផ្អាកការលក់គ្រាប់ស្វាយចន្ទីស្រស់ បណ្ដោះអាសន្ន ហើយត្រូវហាលទុកសិន ដើម្បីរង់ចាំតម្លៃឡើងខ្ពស់ជាងនេះ។ លោក អួន ស៊ីឡុត បន្ថែមដូច្នេះថា៖«សមាគមស្វាយចន្ទីកម្ពុជា បានប្រកាស ជូនសមាជិកទាំងអស់ដែលមានលទ្ធភាពហ្នឹងឱ្យគាត់ហាលទុក ព្រោះយើងមិនអាចលក់តម្លៃក្រោម ៤ពាន់ ឬ៤ពាន់រៀលបាននោះទេ ព្រោះតម្លៃនេះ យើងត្រឹមតែមួយទប់ទល់ទេ។ យើងរំពឹងថា តម្លៃហ្នឹង អាចឡើងនៅពេលក្រោយ»។ 
 
សូមជម្រាបថា រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥ភាគរយធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះ វៀតណាម ដែលជាទីផ្សារធំរបស់កម្ពុជា បានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាចំនួន ៦៤ម៉ឺនតោន៕ 

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com