អន្តរជាតិ
G7 ព្រមព្រៀងគ្នាប្រឈមមុខការគំរាមពីសំណាក់ចិន ខណៈក្រុងប៉េកាំងច្រានចោល
18, Apr 2023 , 8:29 pm        
រូបភាព
សមាជិកក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ឯកភាពគ្នាលើតម្រូវការពួតដៃគ្នាដើម្បីឆ្លើយតបនឹងការគំរាមរបស់ចិន ឬកិច្ចប្រឹងប្រែងណាមួយដើម្បីគ្រប់គ្រងច្រកសមុទ្ធតៃវ៉ាន់។ មន្ត្រី​ការ​បរទេស​ជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងបែបនេះនាថ្ងៃទី១៧ ខែមេសា។ ប៉ុន្តែ​ក្រុងប៉េកាំងរិះគន់វិញថា ការលើកឡើងរបស់ G7 គ្មានការទទួលខុសត្រូវឡើយ។

 
«សារនេះគឺដូចគ្នាក្នុងចំណោមប្រទេស G7 ទាំងអស់ដែលពួកយើងចង់ធ្វើការជាមួយចិនក្នុងពេលចិន​ត្រៀមនឹងធ្វើការជាមួយពួកយើង។ ពួកយើងពិតប្រាកដជាងើបឈរឡើងប្រឆាំងនឹងការគំរាមកំហែង ការគ្រប់គ្រងទីផ្សារផ្ដាច់មុខ ការព្យាយាមផ្លាស់ប្តូរស្ថានភាពកោះតៃវ៉ាន់ជាដើម»។ មន្ត្រីការបរទេស​អាមេរិកបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទបែបនេះក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 ដែលជប៉ុនជម្ចាស់ផ្ទះ។
 
ក្នុង​នាម​ជា​សមាជិក​អាស៊ី​តែ​មួយ​គត់​នៃ​ក្រុមG7 ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សកម្មភាព​ដែល​អាច​កើត​ឡើងនៅច្រកសមុទ្រតៃវ៉ាន់​។ រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និយាយ​បន្ទាប់​ពីកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីអាមេរិកថា ផលប៉ះពាល់សន្តិភាព និងស្ថិរភាព​ច្រកសមុទ្រ​តៃវ៉ាន់​មាន​លើជប៉ុន គឺពិតជាមាន ប៉ុន្តែ​អ្វីដែលសំខាន់ដែរ​នោះ​គឺ​សុវត្ថិភាព និងសន្តិសុខកាន់តែទូលំទូលាយរបស់​សហគមន៍អន្តរជាតិផងដែរ។
 
ការបញ្ជាក់ជំហររដ្ឋមន្ត្រីការបរទេស G7 ខាងលើនេះ កើតឡើងស្របពេលដែលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោក ព្យាយាមស្វែងរកជំហររួមក្រោយការលើកឡើងថ្មីៗនេះ​របស់​ប្រធានាធិបតីបារាំង ម៉ានុយអែល ម៉ាក្រុង លើបញ្ហានេះ។ ក្រោយវិលពីដំណើរទស្សនកិច្ចនៅចិន លោក ម៉ាក្រុង បាន​ព្រមាន​ពី​ការ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់​ដែល​ជំរុញ​ដោយអាមេរិក ឬ​ប្រតិកម្ម​ជ្រុល​របស់​ចិន។
 
ជាការឆ្លើយតបនឹងការលើកឡើងរបស់ក្រុម G7 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានកត់សម្គាល់ថា ប្រសិនបើបណ្ដារដ្ឋទាំងនោះពិតជាមានការព្រួយបារម្ភអំពី​ស្ថានភាព​នៅ​ច្រកសមុទ្រតៃវ៉ាន់មែននោះ ជាដំបូងពួកគេគួរតែរកឱ្យឃើញ​មូលហេតុនៃ​ភាពតានតឹងនៅច្រកសមុទ្រ​តៃវ៉ាន់។
 
បើតាមលោក Wang កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ដែលមានការគាំទ្រ ពីកងកម្លាំងខាងក្រៅកំពុង​ធ្វើ​អ្វី​ៗ​តាមតែអាចធ្វើទៅបានដើម្បីជំរុញសកម្មភាពផ្ដាច់ខ្លួន និងកំពុងបំផ្លាញស្ថានការណ៍​នៅច្រក​សមុទ្រ​តៃវ៉ាន់ ដែលនោះជាមូលហេតុដើមចមនៃភាពតានតឹងនៅ​ច្រកសមុទ្រតៃវ៉ាន់។  អ្នកនាំ​ពាក្យរូបនេះ​បន្ថែមថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការបដិសេធឯករាជ្យភាពតៃវ៉ាន់ ជាកត្តា​ចាំ​បាច់ក្នុងការការពារស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុង​តំបន់​។ 
 

Tag:
 G7
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com