អន្តរជាតិ
សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញលឿនលើសការរំពឹង តែរដិបរដុបព្រោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ
18, Apr 2023 , 9:29 pm        
រូបភាព
សេដ្ឋកិច្ចចិនបានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយដោយសារការលុបចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងដែលបានធ្វើឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់អាចធ្វើសកម្មភាពខ្លាំងជាងមុន។ យ៉ាងណាមិញ ខណៈសេដ្ឋកិច្ចសាកលធ្លាក់ចុះ ភាពរដិបរដុបនឹងកើតឡើងចំពោះការកើនឡើងសេដ្ឋកិច្ចចិន។

 
បើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិនដែលបានបង្ហាញនាថ្ងៃទី១៨ ខែមេសា ផលិតផល​ក្នុង​ស្រុកសរុបបានកើនឡើង៤,៥ភាគរយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៣ ដែលលឿនជាង២,៩ ភាគរយធៀបត្រីមាសដូចគ្នាកាលពីឆ្នាំមុន ខណៈការព្យាករណ៍របស់អ្នកវិភាគសម្រាប់ការកើនឡើង​ផលិតផលក្នុងស្រុកសរុបត្រឹមតែ៤ភាគរយ។
 
វិនិយោគិននានា ឃ្លាំមើលយ៉ាងដិតដល់លើទិន្នន័យត្រីមាសទីមួយសម្រាប់តម្រុយអំពីការងើបឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានដកការទប់ស្កាត់វិធានការការពារជំងឺកូវីដ-១៩ កាលពីខែធ្នូ ជាមួយការ​បន្ធូរ​បន្ថយការរឹតត្បិតលើក្រុមហ៊ុនបច្ចេកវិទ្យា និងអចលនទ្រព្យ។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចជុំវិញ៥ភាគរយ​សម្រាប់ឆ្នាំ២០២៣ ដែលជាអត្រាទាបមួយ បន្ទាប់ពីមិនអាចសម្រេចបានគោលដៅឆ្នាំ២០២២កន្លងទៅ។
 
ទិន្នន័យដាច់ដោយឡែកពីសកម្មភាពខែមីនាក៏បានចេញផ្សាយនៅថ្ងៃដដែល បានបង្ហាញថាកំណើន​នៃការលក់រាយបានកើនឡើងដល់១០,៦ភាគរយ ដែលជាតួលេខលើសពីការរំពឹងទុក និងឈាន ដល់កម្រិតខ្ពស់ជិតពីរឆ្នាំមកនេះ ខណៈដែលកំណើនទិន្នផលរោងចក្រក៏កើនឡើងផងដែរ ប៉ុន្តែទាប ជាងការរំពឹងទុក៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com