ជាតិ
សិស្សមធ្យមសិក្សាបឋមភូមិ នឹងប្រឡងនៅដើមខែតុលា
19, Apr 2023 , 11:59 am        
រូបភាព
សិស្សដើរចូលមណ្ឌលប្រឡងនាពេលកន្លងមក។
សិស្សដើរចូលមណ្ឌលប្រឡងនាពេលកន្លងមក។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២-៣ ខែតុលា ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ចំពោះ លទ្ធផលប្រឡងវិញ ក្រសួងនឹងប្រកាស នៅថ្ងៃទី៩តុលា។

 
វិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ មាន១១មុខវិជ្ជា ក្នុងនោះ តែងសេចក្ដី សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិងបរិស្ថានវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ។ 
 
ក្រសួងណែនាំឱ្យ គ្រូថ្នាក់ទី៩នៃមុខវិជ្ជានីមួយៗ ធ្វើសំណើវិញ្ញាសាមួយ ដើម្បីដាក់ទៅគណៈមេប្រយោគមណ្ឌល ចាប់ឆ្នោតធ្វើជាវិញ្ញាសាប្រឡង។ ការចាប់ឆ្នោតនេះ គឺធ្វើមួយម៉ោងមុនពេលប្រឡង។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗ មិនអាចចេញវិញ្ញាសាដូចគ្នាឡើយ។ 
 
«ហាមដាច់ខាតយកទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់ប្រឡង។ បេក្ខជនដែលប្រើទូរស័ព្ទក្នុងបន្ទប់ប្រឡង នឹងបានពិន្ទុសូន្យ ព្រមទាំងបណ្ដេញចេញឈប់ឱ្យប្រឡងបន្តទៀត»។ នេះជាការសង្កត់ធ្ងន់របស់ក្រសួង ហើយបន្ថែមថា នាយក នាយិកា និងនាយករង តាមគ្រឹះស្ថានមធ្យមសិក្សាបឋមភូមិសាធារណៈ គឺជាប្រធានមណ្ឌល និងអនុប្រធាន ក្នុងដំណើរការប្រឡង កំណែ ស្រង់ បូកពិន្ទុ និងគូសជាប់ និងធ្លាក់៕ 
 
 

Tag:
 អប់រំ
  ឌីប្លូម
© រក្សាសិទ្ធិដោយ thmeythmey.com