ជាតិ
សិស្សពូកែទូទាំងប្រទេស៤៨០រូប នឹងប្រជែងគ្នានៅខេត្តបាត់ដំបង នៅខែមិថុនា
20, Apr 2023 , 7:59 am        
រូបភាព
សិស្សពូកែទូទាំងប្រទេសដែលជាប់ជ័យលាភី កាលពីឆ្នាំ២០២២   រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
សិស្សពូកែទូទាំងប្រទេសដែលជាប់ជ័យលាភី កាលពីឆ្នាំ២០២២ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅវិទ្យាល័យ នេត យ៉ង់ នៃទីរួមខេត្តបាត់ដំបង នាថ្ងៃទី១២ ដល់ថ្ងៃទី១៨​ ខែមិថុនា ស្របតាមដំណាក់កាលសំខាន់មួយចំនួន ។ ក្នុងនោះបេក្ខជនដែលមកពីគ្រប់ទិសទីមានចំនួន៥៣២នាក់។ នេះបើគិតទាំងសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ផងដែរ។ 
 
ការប្រឡងជ្រើសរើសសិស្សពូកែទូតាំងប្រទេសត្រូវធ្វើឡើងជាពីរកម្រិតថ្នាក់គឺ សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ដែលមានវិញ្ញាសារប្រឡងបីដូចគ្នាគឺ មុខវិជ្ជាអក្សសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៅវិទ្យាល័យ នេត យ៉ង់ នាទីរួមខេត្តបាត់ដំបង។  


សិស្សពូកែទូទាំងប្រទេសដែលជាប់ជ័យលាភី នាឆ្នាំកន្លងមក   រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា..
 
ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមិថុនា ជាដំណើរការប្រឡងសិស្សពូកែទូទាំងប្រទេស និងការកែវិញ្ញាសារទាំងអស់ ក៏ដូចជាការនាំសិស្សានុសិស្សទៅកម្សាន្តតាមតំបន់ទេសចរណ៍ជាច្រើន លើទឹកដីខេត្តបាត់ដំបង ក្រោយពេលបញ្ចប់ការប្រឡង។ ដោយឡែកថ្ងៃចុងក្រោយ ក៏មានការប្រកាសលទ្ធផលសិស្សពូកែទូទាំងប្រទេសតែម្តង ពោលគឺចំណាត់ថ្នាក់ពីលេខមួយ ដល់លេខ១០ ក្នុងមុខវិទ្យានីមួយៗនៅទូទាំងប្រទេស។
 
ជាក់ស្តែងសិស្សពូកែជាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកា៣លាន៥សែនរៀល, មេដាយមាសមួយគ្រឿង, លេខ២ ទទួលបានថវិកា ៣លាន២សែនរៀល, មេដាយប្រាក់មួយគ្រឿង និងលេខ៣ ទទួលបានថវិកា ២លាន៩សែនរៀល, មេដាយសំរិទ្ធមួយគ្រឿង រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកជ័យលាភីលេខ៤-១០ នឹងទទួលបានថវិកាមួយចំនួន រួមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស និងប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់តែម្តង។ 
 
គួរបញ្ជាក់ដែរថា សិស្សានុសិស្សទាំងអស់ត្រូវទៅដល់ទីរួមខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមិថុនា ហើយត្រូវចូលរួមពិធីបើកការប្រឡងនេះ នាថ្ងៃទី១១ នៅវិទ្យាល័យ នេត យ៉ង់ វេលាម៉ោង ៨ ព្រឹក។ រីឯការចំណាយលើដំណើរការប្រឡង , រៀបចំពិធីបើកការប្រឡង, ពិធីបិទ, ចែកវិញ្ញាបនបត្រ, ចែករង្វាន់ជ័យលាភី , សោហ៊ុយធ្វើដំណើរ, និងដំណើរកម្សាន្តរបស់បេក្ខជន ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា៕ 
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com