កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ទៀ បាញ់ សរសើរកីឡាគុនខ្មែរ និងរំពឹងដណ្តើមមេដាយស៊ីហ្គេម២០២៣
20, Apr 2023 , 8:59 am        
រូបភាព
សម្តេច ទៀ បាញ់ និងមន្រ្តីCAMSOC ចុះត្រួតពិនិត្យទីតាំងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
សម្តេច ទៀ បាញ់ និងមន្រ្តីCAMSOC ចុះត្រួតពិនិត្យទីតាំងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ដោយ:
សម្តេច ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសរសើរកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលតែងតែធ្វើបានល្អសម្រាប់ការប្រជែងមេដាយជូនជាតិជារឿយៗពីក្រៅប្រទេស។ សម្តេចពិជ័យ បន្តជំរុញឱ្យថ្នាក់ដឹកនាំ និងអត្តពលិកប្រឹងប្រែងធ្វើឱ្យបានល្អបន្ថែមទៀតក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣។

 
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់សារព័ត៌មានថ្មីនៅថ្ងៃទី១៩ ខែមេសា តាមប្រព័ន្ធទូរសព្ទថា ការចុះមកត្រួតពិនិត្យរបស់មន្រ្តីគណៈកម្មាធិការជាតិ CAMSOC បានវាយតម្លៃខ្ពស់ចំពោះការស្នាក់នៅ ហូបចុក របស់កីឡាករ ដែលធ្វើឱ្យទទួលលទ្ធផលល្អនៅក្រៅប្រទេសនាពេលកន្លងមក។ 
 
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និយាយថា៖«សម្តេចទៀ បាញ់ វាយតម្លៃខ្ពស់មកលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រោះកន្លងមកយើងមានការប្រកួតច្រើន ហើយក៏ជោគជ័យច្រើន។ គាត់ពិនិត្យមើលកន្លែងហ្វឹកហាត់របស់អត្តពលិក ការស្នាក់នៅហូបចុក គឺបានល្អ និងគាត់បានទៅមើលទៅលើការដាំស្លររបស់ចុងភៅទៀតផង»។ 
មន្រ្តីសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានបញ្ជាក់ផងដែរថា សម្តេច ទៀ បាញ់ ជំរុញឱ្យអត្តពលិកប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមមេដាយស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
 
លោក តែម ម៉ឺន បន្តថា៖«ការចុះមកត្រួតពិនិត្យជាក់ស្តែង សម្តេច ទៀ​ បាញ់ ក៏ដូចជាមន្រ្តី CAMSOC ជំរុញលើកទឹកចិត្តបន្ថែមចំពោះកីឡាករ-កីឡាការិនី ឱ្យប្រឹងប្រែងកុំបន្ធូរដៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា»។
ដោយឡែក ប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC អះអាងដែលថា ពហុកីឡដ្ឋានជាតិអូឡាំពិក កីឡដ្ឋានស្មាត.អ.អេស.អិន កីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ បានរៀបចំស្ទើរតែរួចរាល់ទាំងស្រុង ទាំងការបំពាក់ភ្លើងបំភ្លឺ បំពាក់កៅអី លាបថ្នាំពណ៌តាមជញ្ជាំង និងរបងតាមទីតាំងប្រកួតមួយចំនួន។ 
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់(បុរស-នារី) នឹងត្រូវចាប់ផ្តើមលេងនៅថ្ងៃទី២៩ ខែមេសា នៅលើទីតាំងបួនផ្សេងគ្នាក្នុងរួមមាន៖ ពហុកីឡដ្ឋានជាតិអូឡាំពិក កីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) កីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានស្មាត. អ. អេស. អិន នៅក្នុងរាជធានីភ្នំពេញ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 សម្តេច ទៀ បាញ់
 តែម ម៉ឺន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com