ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន៥ ដែលវិនិយោគទុនសរុបជាង ១០០លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ, ដាំដើមកៅស៊ូ, រោងចក្រដំឡើងបន្ទះសូឡា, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រដំឡើងសម្ភារអេឡិចត្រូនិក។ បើតាម CDC កសិដ្ឋាន និងរោងចក្រទាំងនេះ អាចបង្កើតការងារបាន ១១៦៨កន្លែងផងដែរ។
ក្រុមហ៊ុនទាំង៥ ដែល CDC បានអនុម័តនោះ រួមមានក្រុមហ៊ុន EASTERN RUBBER (CAMBODIA) CO., LTD ដែលមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ នៅស្រុកស្នួល ខេត្តក្រចេះ។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ និងអាចបង្កើតការងារចំនួន ៧៩កន្លែង។
រូបភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ចំណែក ក្រុមហ៊ុន RITHY RUBBER (CAMBODIA) CO., LTD មានគម្រោងបង្កើតកសិដ្ឋានដាំដើមកៅស៊ូ និងសាងសង់រោងចក្រកែច្នៃ នៅស្រុករវៀង ខេត្តព្រះវិហារ។ ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ១២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
ចំពោះក្រុមហ៊ុន GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
ដោយឡែក ក្រុមហ៊ុន JINGMAOGUOJI (CAMBODIA) GARMENT CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ បានវិនិយោគទុនប្រមាណ ៥,៧លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ និងអាចបង្កើតការងារដល់ពលរដ្ឋចំនួន ៤៧៥កន្លែង។
សម្រាប់ក្រុមហ៊ុនចុងក្រោយវិញ គឺក្រុមហ៊ុន EBELNO (CAMBODIA) CO., LTD ដែលមានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារអេឡិចត្រូនិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែងផងដែរ៕