ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កាំភ្លើងបាញ់ទឹក, សម្តេច ហ៊ុន សែន ថា ឆ្នាំក្រោយមិនគួរមានទេ
20, Apr 2023 , 9:13 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនពេញចិត្តនោះឡើយ ចំពោះការប្រើប្រាស់កាំភ្លើងបាញ់ទឹកនាឱកាសនៃពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

 
«ឃើញគេបង្ហោះថា ទេសចរអង់គ្លេសម្នាក់ ត្រូវគេបាញ់ទឹកត្រូវភ្នែក។ កុំលេងអារឿងបាញ់ទឹកបាញ់អីហ្នឹង! រឿងហួស ហួសទៅហើយ ប៉ុន្តែឆ្នាំក្រោយមិនគួរមានទេបាញ់ទឹកហ្នឹង ទៅជាប្រោះទឹកវិញ»។ ប្រមុខរដ្ឋាភិបាល លើកឡើងបែបនេះនៅព្រឹកថ្ងៃទី២០ ខែមេសា នាពិធីសម្ពោធអគារសម្ភព មន្ទីរពេទ្យកុមារជាតិ។
 
សម្តេច ហ៊ុន សែន បានលើកឡើងថា ការប្រើប្រាស់កាំភ្លើងបាញ់ទឹកក៏ជារឿងមួយមិនស្រួលនោះដែរ ដោយអាចបណ្តាលឱ្យគ្រោះថ្នាក់ដួលភ្លាមៗ។ 
 
តាមពិតទៅករណី «កាំភ្លើងបាញ់ទឹក» ជាប្រធានបទខ្លីមួយ ដែលសម្តេចបានលើកឡើង បន្ទាប់ពីសម្តេចបានកត់សម្គាល់ពីបណ្តាប្រទេសមួយអំណាច ដែលប្រឹងរត់ប្រណាំងគ្នាលើការបង្កើនកម្លាំងទាហាន បង្កើនសព្វាវុធដើម្បីកម្ទេចគ្នាទៅវិញទៅមក។ សម្តេចយល់ថា៖ «បើផ្ទេរលុយ៥០ភាគរយលើការផលិតថ្នាំពេទ្យ ឧបករណ៍ពេទ្យ តម្លៃឱសថនឹងធ្លាក់ចុះ ប្រជាជនលើពិភពលោក បានប្រយោជន៍ធំ»។ 
 
ដូចគ្នាផងដែរ សម្តេចបានរំលឹកពីករណីដកតួនាទី អគ្គនាយករងអាកាសស៊ីវិលម្នាក់ ដែលបានប្រើប្រាស់អាវុធខុសច្បាប់។ «កុំចេះតែមានកាំភ្លើង ហើយយកទៅគំរាមកំហែងគេ»។ សម្តេច បានព្រមានយ៉ាងដូច្នេះ ដោយសម្តេចបានអនុវត្តវិន័យលើការដកមន្ត្រីមុនតុលាការ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com