ជាតិ
សេដ្ឋកិច្ច
​ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានជាង១១ពាន់លានដុល្លារ នៅ​ត្រីមាស​ទី១
22, Apr 2023 , 7:59 am        
រូបភាព
កម្ពុជា សម្រេចទំហំពាណិជ្ជកម្ម ជាមួយប្រទេសក្នុងពិភពលោក បានក្នុងរង្វង់១១លានពាន់ដុល្លារ​អាម៉េរិក។ ទំហំនេះ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ដែលមានការធ្លាក់ចុះ​ដល់​១៤,៥​ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។

 
ស្ថិតិជញ្ជីងពាណិជ្ជកម្ម​ទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា បានបង្ហាញថា រយៈពេល៣ខែមកនេះ ការនាំចេញរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ ៥ ៣៩២លានដុល្លារ ខណៈការនាំចូលពីបរទេសវិញ គឺមាន ៥ ៨៦០ លានដុល្លារ។ 
 
ប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជានៅក្នុងត្រីមាសទីមួយនេះ គឺប្រទេសចិន មានទំហំទឹកប្រាក់ជាង ២ ៨០០លានដុល្លារ ធា្លក់ចុះ០,៤ភាគរយ។ សហរដ្ឋអាម៉េរិក ជាដៃគូពាណិជ្ជកម្មលំដាប់ទីពីររបស់កម្ពុជាដែលសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានប្រមាណ ១ ៨៨០លានដុល្លារ​ ប៉ុន្តែការសម្រេចបាននេះ គឺមានធ្លាក់ចុទៅដល់១៥,៥ភាគរយ ធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២២។​
 
សម្រាប់វៀតណាមស្ថិតនៅលំដាប់ទីបី ខណៈថៃនៅលំដាប់ទីបួន​ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងជាមួយកម្ពុជា។ ក្នុងនោះ កម្ពុជា-វៀតណាម សម្រេចទំហំពាណិជ្ជកម្មបាន១ ៨៦៧លាន កើនជាង៨ភាគរយ។ រីឯពាណិជ្ជកម្ម​កម្ពុជា-ថៃ គឺសម្រេចបានក្នុងទំហំជាង ១ ០០០ដុល្លារ ធ្លាក់ចុះក្នុងអត្រា ៩,៨ភាគរយ។
 
សូមជម្រាបថា ពេញមួយឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសក្នុងពិភពលោកបាន ៥២ ៤២៤ ៥៣៩លានដុល្លារ។ ក្នុងនោះ ការនាំចេញសម្រេចបានជិត២២ ៤៨៣លាន ដុល្លារ និងនាំចូលមានជាង ២៩ ៩៤១លានដុល្លារ៕ 
 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com