កីឡាជាតិ
ជាតិ
រឿងចំនួន៤ ដែលអ្នកគាំទ្របាល់ទាត់កម្ពុជា សោកស្ដាយ ក្នុងឆ្នាំ២០២៣
22, Apr 2023 , 5:19 pm        
រូបភាព
លោក Conor Nestor មើលការហ្វឹកហាត់របស់កីឡាករព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
លោក Conor Nestor មើលការហ្វឹកហាត់របស់កីឡាករព្រះខ័នរាជ ស្វាយរៀង រូបពី Cambodian Premier League
ឆ្នាំ២០២៣នេះ មានរឿងរ៉ាវ និងព្រឹត្តិការណ៍ជាច្រើនកើតឡើង នៅក្នុងវិស័យកីឡាបាល់ ទាត់កម្ពុជា ទាំងវិជ្ជមាន និងអវិជ្ជមាន។ ដោយឡែក រឿងអវិជ្ជមាន ៤យ៉ាង ដែលអ្នក គាំទ្រ បាល់ទាត់កម្ពុជា សោកស្ដាយខ្លាំងបំផុត ក្នុងឆ្នាំ២០២៣។ រឿងទាំងនោះ មានដូចជា  ការ ចប់អាណត្តិដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា របស់លោក Keisuke Honda, ការផ្លាស់ប្ដូទីតាំងកីឡដ្ឋានរបស់ក្លិបបឹងកេត, ការចែកផ្លូវគ្នារវាងក្លិបព្រះខ័នរាជ ស្វាយរៀង និងលោក Conor Nestor និង មរណភាពរបស់ព្រឹទ្ធាចារ្យ អ៊ុក សារ៉េត។


 
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នឹងចប់ភារកិច្ច ដឹកនាំ ក្រុម បន្ទាប់ពីចប់ស៊ីហ្គេម លើកទី៣២ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៣។ ការចែកផ្លូវ គ្នា ជាមួយអ្នកចាត់ការទូទៅរូបនេះ គឺជាការផុតកំណត់នៃកុងត្រា។ លោក Keisuke Honda បានចូលមកដឹកនាំកម្ពុជា នៅអំឡុងខែ ឧសភា ឆ្នាំ២០១៨ ដែលមកដល់ពេលនេះ មាន រយៈពេលពីអាណត្ដិ។ ការចែកផ្លូវគ្នាជាមួយលោក Keisuke Honda បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើន សោកស្ដាយយ៉ាងខ្លាំង ព្រោះអ្នកទាំងនោះយល់ឃើញ ថាក្រោមការដឹកនាំរបស់ លោកអ្នកចាត់ការជនជាតិជប៉ុនរូបនេះ ក្រុមជម្រើសជាតិ មានការវិវឌ្ឍយ៉ាងខ្លាំង បើទោះ ជាបរាជ័យច្រើនជាង ជ័យជម្នះក៏ដោយ។

លោក Keisuke Honda ក្នុងកិច្ចសំណេះសំណាល់ជាមួយអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រូបពី Cambodian Premier League
 
ចំណែកកាលពីថ្ងៃទី៨ ខែមេសា ការប្រកួតបឹងកេត និងកោះកុង នៅកីឡដ្ឋានខេមប៊ូឌា អ៊ែរ វេ ក៏ជាការប្រកួតចុងក្រោយរបស់បឹងកេត នៅកីឡដ្ឋានរបស់ខ្លួនផងដែរ។ បន្ទាប់ពីចប់ការ ប្រកួតក្នុងលទ្ធផល ១-១ លោក ស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបង្ហាញពីការ សោក ស្ដាយ ដោយត្រូវបង្ខំចិត្តរើចេញពីកីឡដ្ឋាន ដែលខ្លួនបានតាំងនៅអស់រយៈពេលជាង ៥ឆ្នាំ ហើយត្រូវសាងសងទីតាំងថ្មី។ ការចាក់ចេញពីទីតាំង គឺស្ថិតក្រោមមូលហេតុធំ គឺវិបត្តិ សេដ្ឋកិច្ចក្លិប ជួបការលំបាកបន្ទាប់ពីឆ្លងកាត់សម័យកូវីដ-១៩ និងមិនអាចទ្រទ្រង់ចំណាយ ទៅលើការជួលដីកីឡដ្ឋានបាន។ ចំពោះទីតាំងថ្មី ប្រធានក្លិបរូបនេះ ពុំទាន់បានប្រាប់នៅ ឡើយទេ។ ដោយឡែក អ្នកគាំទ្របឹងកេតជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំង ដោយ ភាគច្រើនអ្នកទាំងនោះ មានអារម្មណ៍ថា កីឡដ្ឋាននោះ ក៏ដូចជាផ្ទះរបស់ពួកគេដែរ។

លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត រូបពី Puth Thyda
 
រីឯក្លិបព្រះខ័នរាជ ស្វាយរៀង លោក Conor Nestor អតីតគ្រូបង្វឹកបង្គោល ត្រូវចែកផ្លូវ ជា មួយក្លិប បន្ទាប់ពីមានការព្រមព្រៀងជាមួយគ្នា។ ការចែកផ្លូវគ្នានេះ គឺក្រោមហេតុផល ដូច ជាលោក Conor Nestor ត្រូវបានក្លិបបរទេសនៅប្រទេសឥណ្ឌា ទាក់ទង់ឲ្យធ្វើជាគ្រូបង្វឹក។ ជាមួយក្លិបព្រះខ័នរាជ ស្វាយរៀង អស់រយៈពេល ៥រដូវកាល ក្នុងតំណែងជាគ្រូបង្វឹក លោក Conor Nestor បានចូលរួម ចែករំលែកជាច្រើនក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដែល នៅក្នុងនោះមានគម្រោងអភិវឌ្ឍយុវជន និងថ្នាលរបស់ក្លិប ហើយក៏មានគម្រោង នៃការ លើកកម្ពស់ស្ដ្រី នៅក្នុងវិស័យបាល់ទាត់ផងដែរ។
 
លោកព្រឹទ្ធាចារ្យ អ៊ុក សារ៉េត អ្នកបណ្ដុះសកម្មភាពវិស័យកីឡាបាល់ទាត់កម្ពុជា នៅ ខេត្តសៀមរាប និងជាអតីតកីឡាករជម្រើសជាតិ នាទសវត្សរ៍៧០ បានទទួលអនិច្ចកម្ម ក្នុង ជន្មាយុ ៧៧ឆ្នាំ កាលពីយប់ម៉ោង៧:៥០នាទី ថ្ងៃទី២៦ ខែមីនា នៅមន្ទីពេទ្យសៀមរាប។ លោក អ៊ុក សារ៉េត  មិនត្រឹមតែជាព្រឹទ្ធាចារ្យ ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាទេ ក៏ហើយ ជាគ្រូបង្វឹកក្លិបសូលទីឡូអង្គរផងដែរ។ ការបាត់បង់រូបលោក គឺជាការសោកស្ដាយ របស់ អ្នកគាំទ្របាល់ទាត់ ជាពិសេសប្រជាពលរដ្ឋខេត្តសៀមរាប៕


លោក អ៊ុក សារ៉េត នាពេល​ដឹកនាំបង្វឹកក្លិបសូលទីឡូអង្គរ។ រូបថត CPL

 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com