ជាតិ
កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយចិន
24, Apr 2023 , 7:59 pm        
រូបភាព
កិច្ចជួបពិភាក្សាការងារលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ជាមួយលោក Shi Zhongjun គណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន កាលពីថ្ងៃទី២១ មេសា។
កិច្ចជួបពិភាក្សាការងារលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ជាមួយលោក Shi Zhongjun គណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន កាលពីថ្ងៃទី២១ មេសា។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន សហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត។



រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានជួបពិភាក្សាការងារជាមួយលោក Shi Zhongjun គណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន កាលពីថ្ងៃទី២១ មេសា ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងវិស័យទេសចរណ៍ ដែលជាស្ពានយ៉ាងសំខាន់នៃប្រទេសទាំងពីរ។ ជាពិសេសបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។
 
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាកំពុងអភិវឌ្ឍទេសចរណ៍ និងគោលដៅសំខាន់មួយចំនួន សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពិសេសមកពីប្រទេសចិន។ 
  

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
 
បន្ថែមពីនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយកម្ពុជា ដូចជា ការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាដើម។ ជាពិសេសរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន និងការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមក។
 
លោក ទិត ចន្ថា ក៏បានឯកភាពលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើន និងទាក់ទាញទេសចរប្រទេសទី៣ ឱ្យមកកាន់ប្រទេសកម្ពុជាទៀតផង។ 
ក្រៅពីនេះ ប្រទេសទាំងពីរ ក៏បានជំរុញឱ្យមានការហោះហើរទៅកាន់គោលដៅទេសចរណ៍ឱ្យបានច្រើន និងញឹកញាប់ជាមុនផងដែរ ព្រមទាំងទាញអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាបង្កើនផលិតផលទេសចរណ៍ សម្រាប់ភ្ញៀវចិន និងបរទេសដទៃទៀតជាដើម៕ 
 
 

Tag:
 ទេសចរណ៍
  កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយចិន
© រក្សាសិទ្ធិដោយ thmeythmey.com