ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន លាក់មុខបេក្ខជននាយករដ្ឋមន្រ្តី
24, Apr 2023 , 5:47 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លើកដៃសំពះទៅកាន់សមាជិក-សមាជិកាក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លើកដៃសំពះទៅកាន់សមាជិក-សមាជិកាក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
នៅមុនការបោះឆ្នោត គេ ប្រហែលជាគ្មានវាសនាបានស្គាល់បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សភ្លើងទៀនឡើយ។ លុះត្រាបានឈ្នះឆ្នោត ទើបគណបក្សនេះ បង្ហាញមុខបេក្ខជននាយករដ្ឋមន្រ្តី។



លោក សុខ គឹមសេង អគ្គលេខាធិការរងគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយសកម្មជន ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា៖«បេក្ខជននាយករដ្ឋមន្រ្តី បងប្អូន នឹងឃើញ នៅក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នៅពេលដែលបងប្អូនគាំទ្រ ហើយគណបក្សភ្លើងទៀន ឈ្នះឆ្នោត ពេលនោះ មុខនាយករដ្ឋមន្រ្តី នឹងបង្ហាញភ្លាម។»។ 
 
មន្រ្តីជាន់ខ្ពស់គណបក្សជំទាស់រូបនេះ បន្តទៀតថា៖«បេក្ខជននាយករដ្ឋមន្រ្តីគណបក្សភ្លើងទៀន មិនចាំបាច់ប្រាប់មុនទេ ខ្លាចគេមិនឲ្យ។ ហើយជឿជាក់ថា នៅពេលគណបក្សភ្លើងទៀន ឈ្នះឆ្នោត នាយករដ្ឋមន្ត្រី ដែលតំណាងឲ្យគណបក្សភ្លើងទៀន គឺជាបុគ្គលដែលបងប្អូនចង់បានដាច់ខាត»។ 
 
សារព័ត៌មានថ្មីៗធ្លាប់សួរលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនម្តងជាពីរហើយអំពីបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សនេះ តែលោកនៅតែមិនទាន់អាចផ្តល់ចម្លើយបាន។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក គីមសួរ ភីរិទ្ធ និយាយស្រដៀងនឹងលោក សុខ គឹមសេង ថា ទាល់តែគណបក្សភ្លើងទៀន ឈ្នះការបោះឆ្នោតជាមុនសិន ទើបសម្រេចជ្រើសរើសឥស្សរជនដែលត្រូវធ្វើជានាយករដ្ឋមន្រ្តីតាមក្រោយ។ 
 
អ្នកនាំពាក្យរូបនេះ លើកឡើងថា អ្វីដែលសំខាន់នាពេលនេះ គឺគណបក្ស ត្រូវធ្វើសកម្មភាព ដើម្បីទទួលបានការគាំទ្រពីប្រជាជន។ លោក បញ្ជាក់ដូច្នេះថា៖«យើង មានមនុសុ្សសំខាន់ៗមួយចំនួនហើយ។ ពេលហ្នឹង គណបក្ស នឹងសម្រេចថា អ្នកណា ដែលមានភាពស្មោះត្រង់ និងលេចធ្លោខ្ពស់ គឺឈរបានហើយ ធ្វើ [នាយករដ្ឋមន្រ្តី] បានហើយ ឲ្យតែយើងឈ្នះសិន»។ 
 
ថ្វីដ្បិត មិនអាចបង្ហាញមុខបេក្ខជននាយករដ្ឋមន្រ្តី តែលោក គីមសួរ ភីរិទ្ធ អាចផ្តល់ព័ត៌មានជាក់លាក់អំពីបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សភ្លើងទៀន។ លោក អះអាងថា បញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សភ្លើងទៀន ត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ 
 
ការចុះបញ្ជីគណបក្ស និងបេក្ខជនតំណាងរាស្រ្តទៅកាន់គ.ជ.ប មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 
 
ក្នុងចំណោមគណបក្សជំទាស់ គណបក្សភ្លើងទៀន ត្រូវគេមើលឃើញថា ជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។ សម្តេច ហ៊ុន សែន បន្តឈរជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះ៕ 
 

Tag:
 បេក្ខជននាយករដ្ឋមន្រ្តី
  បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com