ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃើញសមត្ថភាពវិភាគមន្ត្រីខ្សោយ សម្តេច ហ៊ុន សែន គ្រោងបង្រៀនទ្រឹស្តីគ្រឹះចំនួន៣
25, Apr 2023 , 9:15 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ (NIE) នៅព្រឹកថ្ងៃទី២៥ ខែមេសា បានវាយតម្លៃថា សមត្ថភាពវិភាគនយោបាយរបស់មន្ត្រីមួយចំនួននៅខ្សោយនៅឡើយ ហេតុដូច្នេះនាពេលខាងមុខ សម្តេចនឹងបើកបង្រៀនទ្រឹស្តីគ្រឹះដោយផ្ទាល់។

 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ទ្រឹស្តីគ្រឹះចំនួន៣ដែលសម្តេចគ្រោងបង្រៀននោះរួមមាន សម្ភារនិយម វិចារវិជ្ជា (បដិច្ចសមុប្បាទ), ទស្សនប្រវត្តិសាស្ត្រ និងតក្កវិជ្ជា (វិធីសាស្ត្រដឹកនាំ និងធ្វើការងារ) ដែលសម្តេចបានសរសេរ និងធ្លាប់បង្រៀន កាលពីអំឡុងឆ្នាំ១៩៨៣។
 
សម្តេច ហ៊ុន សែន បានលើកឡើងថា អ្នកវិទ្យាសាស្ត្រនយោបាយ អ្នកធ្វើគោលនយោបាយ ត្រូវចេះវិភាគសភាពការណ៍ឱ្យបានត្រឹមត្រូវ។ បើតាមសម្តេច អ្នកវិភាគសភាពការណ៍នយោបាយខុស នឹងនាំឱ្យមានការដាក់គោលនយោបាយខុស ដែលប្រៀបដូចជាគ្រូពេទ្យដែលអ្នកជំងឺគ្រុនចាញ់ បែរជាវិភាគថា ឈឺក្រពះ ទៅវិញ។
 
សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គោរពលើការវាយតម្លៃ និងសមត្ថភាពវិភាគរបស់សម្តេចលើសភាពការណ៍នានា ដោយមិនដូចគណបក្សប្រឆាំងដែលទន់ខ្សោយ វាយតម្លៃមិនដែលត្រូវលើគណបក្សកាន់អំណាច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com