ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុង-ស្រុក ថ្មីចំនួន​៥៖ CPP ឈ្នះ​ទាំងអស់ ខណៈភ្លើងទៀនជាប់សមាជិក​១១អាសនៈ
26, Apr 2023 , 7:59 am        
រូបភាព
ដោយ: រួបរួម
លទ្ធផល​នៃការ​បោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើប​បង្កើតថ្មីចំនួន​៥ បង្ហាញថា គណបក្ស​ប្រជាជន​ឈ្នះតំណាង​ប្រធាន​ទាំង​៥ និង​សមាជិក៧៣អាសនៈ ភ្លើងទៀនជាប់សមាជិក​សរុប១១អាសនៈ រីឯហ៊្វុនស៊ិនប៉ិច គ្មាន​សំឡេងគាំទ្រ។

 
យោង​តាមការ​ប្រកាស​របស់គណៈកម្មធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប) កាលពីថ្ងៃទី​២៤ ខែ​មេសា ក្នុងចំណោម​កៅអី​ក្រុម​ប្រឹក្សាក្រុងអរិយក្សត្រក្នុងខេត្ត​កណ្តាល ដែលមានចំនួន​​១៩ លោក អ៊ុំ ចន ជាប់ជាប្រធានក្រុម​ប្រឹក្សា។ ​សមាជិកទាំង​១៨នាក់របស់លោក មាន​១៥នាក់ពីគណបក្ស​ប្រជាជន​កម្ពុជា និង​៣នាក់ពីគណបក្សភ្លើងទៀន។
 
នៅក្រុងសំពៅពូន ខេត្តកណ្តាល ដដែល លោក ហម វ៉ាន់ថា ជាប់ជាប្រធានក្រុម​ប្រឹក្សា ហើយ​សមាជិក១៣នាក់ទៀត មកពីគណបក្ស​ប្រជាជន​កម្ពុជា ដូចរូបលោក ខណៈ៥នាក់ផ្សេងទៀត មកពីគណបក្ស​ភ្លើងទៀន។ 
 
ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មាន​១៧អាសនៈ ដោយគណបក្ស​ប្រជាជន​កម្ពុជា បាន១៥អាសនៈ ក្នុងនោះលោក សុខ សយ កាន់តំណែងជាប្រធាន​ក្រុម​ប្រឹក្សា រីឯសមាជិក​២នាក់ទៀត មកពីគណបក្ស​ភ្លើងទៀន។
 
រីឯនៅស្រុក​សាមគ្គីមានជ័យ  ក្នុងខេត្តកំពង់ស្ពឺដូចគ្នា លោក ង៉ែត សុភី ជាប់ជាប្រធានក្រុម​ប្រឹក្សា ដោយមាន​សមាជិក១៧នាក់ពីគណបក្ស​ប្រជាជនកម្ពុជា និង លោក សាន់ សំបូ តែម្នាក់ពីគណបក្ស​ភ្លើងទៀន។
 
នៅ​ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះឯណោះវិញ លោក ប៊ុន ឈឿន ជាប់ជាប្រធាន​ក្រុមប្រឹក្សា ដែលមាន​សមាជិក១៤នាក់ពីគណបក្ស​ប្រជាជន​កម្ពុជា ទាំង​អស់។
 
លទ្ធផលនៃការបោះឆ្នោតបង្ហាញផងដែរថា ស្ត្រីចំនួន​១៦នាក់ បានជាប់​ជាសមាជិកក្រុម​ប្រឹក្សាស្រុក-ក្រុង ដែលទើបបង្កើត​ថ្មីទាំង​៥ ក្នុងនោះ​មាន១៥នាក់ពីគណបក្ស​ប្រជាជន​កម្ពុជា និង១នាក់ពីគណបក្សភ្លើងទៀន។
 
សមាជិកជា​ស្ត្រីទាំងនោះ មាន អ្នកស្រី ខុម ស្រីល័ក្ខ (ក្រុងសំពៅពូន) តែម្នាក់គត់ មកពីគណបក្ស​ភ្លើងទៀន រីឯស្ត្រី១៥នាក់ទៀតមកពីគណបក្សប្រជាជនកម្ពុជា ដែលមាន អ្នកស្រី សុខ ថារី, គង់ ចាន់រ៉ាទី, កែ បូណា (ក្រុងសំពៅពូន), អ្នកស្រី ឱ ចិន្តា, គង់ សុខលី, ប៊ុត ចន្ធូ, ភា សូរិយ៉ា (ក្រុងឧដុង្គម៉ែជ័យ), អ្នក​ស្រី ឆឹម ឆវី, យឹម អេង (ស្រុកសាមគ្គីមានជ័យ),​ អ្នកស្រី ចាន់ ថូ, ពុធ សុភ័ក្រ (ក្រុងអរិយក្សត្រ), អ្នកស្រី អន នីតា, ជា សុផាត, ម៉ម ភីរុន, គង ស្រីណូ (ស្រុកអូរគ្រៀងសែនជ័យ)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com