កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ តម្កល់នៅវត្តលង្កានិងធ្វើពិធីសាសនា មុនបន្តហែតាមខេត្តជាប់បឹងទន្លេសាបពីថ្ងៃទី២៩មេសា
26, Apr 2023 , 9:59 pm        
រូបភាព
គប់ភ្លើង
គប់ភ្លើង
ដោយ:
ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជុំវិញបណ្ដាប្រទេសអាស៊ានបានបញ្ចប់ដោយជោគជ័យ។ ភ្លើងគប់ដែលស្ថិតក្នុងប្រទេសឡាវនៅឡើយ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា និងត្រូវតម្កល់ទុកក្នុង វត្តលង្កាកុសុមារាម ដើម្បីធ្វើពិធីសាសនា មុនបន្ដដង្ហែទៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបចាប់ពីថ្ងៃទី២៩ ខែមេសា។ គប់ភ្លើងកីឡា នឹងវិលមកចូលពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ចំថ្ងៃពីធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៏៣២តែម្តង។

 
បន្ទាប់ភ្លើងគប់ស៊ីហ្គេមមកដល់ប្រទេសកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែងនៅថ្ងៃទី២៨ ខែមេសា ក្បួនដង្ហែនឹងធ្វើដំណើរឆ្ពោះមកកាន់ខេត្តកណ្តាល ត្រង់ចំនុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ ហើយបន្តដំណើរទៅវេទិកា រម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងបន្តទៅតាមមហាវិថីឈ្នះៗ ឆ្ពោះទៅវិមានឈ្នះៗ។
 
មុននឹងចូលវិមានឈ្នះៗក្បួនដង្ហែនឹងចាប់ផ្តើមរត់ហែរពីចំនុចខ្លោងទ្វារធំ ទៅវេទិកាវិមានឈ្នះៗ ដោយមានតំណាងCAMSOC និងប្រធានគណៈកម្មការអប់រំយុវជន និងកីឡា ធម្មការ កិច្ចការសាសនា រួមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ បន្ទាប់មកតំណាង CAMSOC និងរដ្ឋបាលរាជធានីភ្នំពេញ បន្តក្បួនដង្ហែឆ្ពោះទៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងមានការប្រារព្ធពិធីនៅទីនោះផងដែរ។
 
ក្រោយបញ្ចប់ពិធីនៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ តំណាងCAMSOC នឹងប្រគល់ភ្លើងគប់ស៊ីហ្គេមទៅឱ្យ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដង្ហែបន្តទៅតម្កល់រក្សាទុកនៅវត្តលង្កាកុសុមារាម ដោយមានរៀបចំពិធីសាសនា និងមានបាញ់កាំជ្រួចផងដែរ។
 
លុះដល់ព្រឹកថ្ងៃទី២៩ ខែមេសា ប្រធានគណៈកម្មការអប់រំយុវជន និងកីឡា ធម្មការ កិច្ចការសាសនា ទទួលភ្លើងគប់ស៊ីហ្គេមដង្ហែពីវត្តលង្កាកុសុមារាម ឆ្ពោះទៅវិមានឯករាជ្យអមដោយតំណាង CAMSOC និងអភិបាលរាជធានីភ្នំពេញ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ប្រតិភូ ស.ស.យ.ក អត្តពលិកឆ្នើមមួយចំនួន ក្រុមការងារកីឡា និងមានក្រុមឆៃយ៉ាំ រាំបើកមុខ។
 
អភិបាល នៃអភិបាលរាជធានីភ្នំពេញ នឹងដង្ហែពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅទិស្តីការអង្គភាពប្រឆាំអំពើពុករលួយ រួចប្រគល់ជូនតំណាង CAMSOC ហើយនឹងជូនបន្តទៅតំណាងក្រុមហ៊ុនឧបត្ថម្ភទាំង១៥ ដើម្បីដង្ហែបណ្តាក់គ្នា រួចជូនទៅកីឡាករ-កីឡាការិនី ដើម្បីដង្ហែបន្តទៅកាន់ខេត្តកំពង់ឆ្នាំ ឆ្ពោះទៅពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម មុនបន្តមកត្រង់ចំនុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ។
 
នៅថ្ងៃទី៥ ខែឧសភា ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនឹងត្រូវទៅទទួលភ្លើងគប់ស៊ីហ្គេមដើម្បីដង្ហែរត់បណ្តាក់គ្នាពីមុខសួនសត្វសាហ្វារីវើលហ៍ឆ្ពោះមកកាន់ខ្លោងទ្វារធំពហុកីឡដ្ឋានជាតិមរតកតេជោ ហើយមានកីឡាករបាល់ទាត់២រូប ទទួលដង្ហែបន្តពីខ្លោងទ្វារធំ ឆ្ពោះទៅកាន់ច្រកទ្វារទី១(GATE1)។ ចុងក្រោយអត្តពលិកម្ចាស់មេដាយមាស៥រូប នឹងទទួលបន្តរួចដង្ហែរត់ចូលបរិវេណទីលានបាល់ទាត់ក្នុងពិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕
 

Tag:
 ភ្លើងគប់ស៊ីហ្គេម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com