កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ស៊ីហ្គេម មកដល់ច្រកកម្ពុជា-ឡាវ និងបន្តហែមករក្សាទុកនៅខេត្តស្ទឹងត្រែង
27, Apr 2023 , 11:15 am        
រូបភាព
លោក ស៊ុន ចាន់ថុល(ស្តាំ) ប្រគល់ភ្លើងគប់ស៊ីហ្គេមទៅលោក នី ផល្លី។
លោក ស៊ុន ចាន់ថុល(ស្តាំ) ប្រគល់ភ្លើងគប់ស៊ីហ្គេមទៅលោក នី ផល្លី។
ដោយ:
ព្រះអគ្គិសជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែចេញពីប្រទេសឡាវមកដល់ទឹកដីកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ដោយមានការទទួលពីសំណាក់មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង។ ភ្លើងគប់បានបន្តហែពីព្រំដែន មកទីរួមខេត្តស្ទឹងត្រែង និងរក្សាទុកមួយយប់ មុនបន្តដំណើរមកភ្នំពេញនៅថ្ងៃទី២៨ ខែមេសា។

 
រថយន្តបីគ្រឿងបានចូលទៅទទួលក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន) ដោយមានក្រុមរាំឆៃយ៉ាំ រាំហែហមអមដំណើរប្រតិភូដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។
  

ពិធីដង្ហែភ្លើងគប់ស៊ីហ្គេមចេញពីប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន។ 
 
មកដល់ទឹកដីកម្ពុជា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងបានទៅទទួលភ្លើងគប់ស៊ីហ្គេមពីលោក ហោ សារុន មុនបន្តទៅលោក នី ផល្លី តំណាងCAMSOC ដើម្បីប្រារព្ធពិធីតាមបែបសាសនា ដើម្បីដង្ហែអមដំណើរដោយមន្រ្តីអ្នកមុខអ្នកការ អត្តពលិកកីឡាហែលទឹកមកកាន់ទីរួមខេត្តស្ទឹងត្រែង។ 
 
គួបញ្ជាក់ថា ក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម នឹងសម្រាកនៅក្នុងខេត្តស្ទឹងត្រែងមួយយប់ រួចនឹងបន្តដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។ នៅម៉ោង៦ព្រឹក ព្រះគ្រូចៅអធិការវត្ត«ស្រះកែវមុន្នីវណ្ណ ហៅវត្តលើ» ប្រគល់ភ្លើងគប់ស៊ីហ្គេមទៅលោក នី ផល្លី ដើម្បីដង្ហែមករាជធានីភ្នំពេញ៕
 

Tag:
 ភ្លើងគប់ស៊ីហ្គេម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com