អន្តរជាតិ
លោក ស៊ី ប្រាប់លោក ហ្សេលេនស្គី ថា ការចរចាជាច្រកចេញតែមួយគត់
27, Apr 2023 , 11:43 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនភីង ជជែកជាមួយសមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើក​ដំបូង​តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។ នាជំនួបនេះ លោក ស៊ី លើកឡើងថា ការចរចាជាច្រកចេញតែមួយគត់ ហើយក្រុងប៉េកាំងនឹងចាត់តាំងប្រេសិតម្នាក់ដើម្បីដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល និងបន្តដំណោះស្រាយនយោបាយ។

 
កិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងអ៊ុយក្រែនបានធ្វើឡើងនាថ្ងៃទី២៦ ខែមេសាក្នុងរយៈ​ពេល​ជិតមួយម៉ោង ហើយភាគីទាំងពីរសម្រេចបានការជជែកប្រកបដោយអត្ថន័យផងដែរ។ នេះ​បើ​តាម​ការ​លើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន។
 
ចំណែកឯសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានប្រកាសថា គោលជំហរស្នូលរបស់​ទីក្រុង​ប៉េកាំងគឺជួយសម្រួលដល់កិច្ចចរចាដើម្បីសន្តិភាព ហើយបេសកជនដែលជាអតីតអគ្គរដ្ឋទូត​ចិន​ប្រចាំ​រុស្ស៊ី នឹងធ្វើដំណើរទស្សនកិច្ចទៅអ៊ុយក្រែនដើម្បីស្វែងរកដំណោះស្រាយនយោបាយ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី ជិនភីង​ ប្រាប់សមភាគីអ៊ុយក្រែនថា ការពិភាក្សា និងការចរចាជាដំណោះស្រាយតែមួយគត់ក្នុងការដោះស្រាយវិបត្តិនេះ។ 
 
«លើជម្លោះអ៊ុយក្រែន ចិនតែងឈរខាងសន្តិភាព។» ទូរទស្សន៍ CCTV ស្រង់សម្ដីលោក ស៊ី បែបនេះ មុនបញ្ជាក់ជំហរចិនទៀតថា ចិនមិនបន្ថែមសាំងលើភ្លើង ឬកេងចំណេញពីជម្លោះនេះឡើយ។ មេដឹកនាំចិន ក៏បញ្ជាក់ជាថ្មីពីហានិភ័យលើការប្រើអាវុធនុយក្លេអ៊ែរ ដែលការណ៍នេះតម្រូវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ ហើយគិតគូរប្រទេសអនាគតខ្លួនឯង និងប្រទេសផ្សេងទៀត។
 
ជុំវិញកិច្ចសន្ទនានេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova បានសរសើរ​ការ​ខិត​ខំ​របស់​ចិន ប៉ុន្តែ​បាន​ថ្កោល​ទោស​ជំហរ​របស់​អ៊ុយក្រែនដដែល។ ចំណែកឯសេតវិមាន​ក៏​បាន​ស្វាគមន៍ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។ ប៉ុន្តែអ្នកនាំពាក្យសន្តិសុខ​ជាតិអាមេរិក លោក John Kirby អះអាងថា ពេលនេះគឺឆាប់ពេកក្នុងការបញ្ជាក់ថា ជំនួបនេះអាចនឹងពាំនាំ​ភាគីទាំងពី​រ​ទៅ​រក​កិច្ចព្រមព្រៀងសន្តិភាពដែរឬយ៉ាងណា៕
 
 

Tag:
 ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com