កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឈឿន ល្វៃ និងព្រំ សំណាង មានជំនឿចិត្តថា អាចដណ្ដើមមេដាយណាមួយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
27, Apr 2023 , 5:42 pm        
រូបភាព
កីឡាករ ព្រំ សំណាង ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
កីឡាករ ព្រំ សំណាង ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
ឈឿន ល្វៃ កីឡាករប្រដាល់ឃីគបុកស៊ីញកម្ពុជា និង ព្រំ សំណាង កីឡករប្រដាល់គុនខ្មែរ សុទ្ធតែដាក់គោលដៅដណ្ដើមយកមេដាយមាសជូនជាតិ។ ប៉ុន្ដែអ្នកទាំងពីរ មិនអាចមើលឃើញពីលទ្ធផលទុកមុនទេថា នឹងដណ្ដើមបានមេដាយមួយណាឡើយ។ ការមិនហ៊ានដាក់ការំពឹងទុកខ្ពស់បែបនេះ ព្រោះកីឡាករទាំងពីរ យល់ឃើញថា កីឡាករបរទេស ក៏មានកម្រិតខ្លាំងប្រហាក់ប្រហែលខ្លួនដែរ។



កីឡាករ ឈឿន ល្វៃ ម្ចាស់មេដាយប្រាក់ប្រដាល់ឃីគបុកស៊ីង ទម្ងន់ ៧១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានប្រាប់សារព័ត៌មានថ្មីៗថា រូបលោក ប្ដេជ្ញាដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ឲ្យបាន។ ប៉ុន្ដែ កីឡាកររូបនេះ មិនបានដាក់ការសង្ឃឹម ១០០ភាគរយក្នុងការឈ្នះមេដាយមាសទេ ដោយយល់ឃើញ កម្រិតរបស់អត្ដពលិកពីបណ្ដាលប្រទេសក្នុងតំបន់ មានកម្រិតប្រហាក់ប្រហែលខ្លួនដែរ។ អ្វី ដែលសំខាន់ក្នុងការត្រៀម ក៏ដូចជាសម្រេចក្ដីសុបិន្ដខ្លួននោះ គឺជាការប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អ ដើម្បីបំពេញនូវចំណុចខ្វះខាត។


កីឡាករ ឈឿន ល្វៃ ផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ
 
«សម្រាប់ខ្ញុំ រំពឹង មេដាយមាស ប៉ុន្ដែលទ្ធផល យើងមិនអាចថា បានដូចអ្វីយើងរំពឹងទេ ជួនកាលគេអាចល្អជាងយើង។ យើង មិនអាចមើលឃើញបានទេ យើង មានតែការខិតខំប្រឹងប្រែង ហ្វឹកហាត់ ហើយព្យាយាមបំពេញនៅចំណុចខ្វះខាត។ តាមកម្រិតខ្ញុំ និងកីឡាករបរទេស គឺមិនលើសមិនខ្វះគ្នាទេ ឲ្យតែយើងហ្វឹកហាត់ឲ្យបានពេញលេញ។»។ ម្ចាស់មេដាយប្រាក់រូបនេះ បាននិយាយដូច្នេះ។
 
រីឯ ព្រំ សំណាង កីឡាករប្រដាល់គុនខ្មែរ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា រូបលោក ក៏មានគោលដៅប្រជែងយកមេដាយមាសដែរ ប៉ុន្ដែលទ្ធផលយ៉ាងណា កីឡាកររូបនេះ មិនទាន់ហ៊ាននិយាយនោះទេ។ 
 
អ្នកប្រដាល់រូបនេះ បាននិយាយដូចជាមានជំនឿចិត្តខ្លាំង ព្រោះបានត្រៀមខ្លួនហ្វឹកហាត់ សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍អស់រយៈពេលជាង ២ឆ្នាំ។ បើទោះជាបានត្រៀមខ្លួនយ៉ាងល្អក្ដី លោក ព្រំ សំណាង នៅតែមិនអាចវាយតម្លៃគូប្រកួតបានឡើយ មុនឡើងសង្វៀនប្រដាល់។
 
កីឡាករប្រដាល់គុនខ្មែររូបនេះ បាននិយាយដូច្នេះថា៖«សម្រាប់ការដាក់គោលដៅ គឺមេដាយមាស ដើម្បីមោទកភាពប្រជាជន និងមាតុភូមិរបស់យើង។ គោលដៅ គឹចង់បានមេដាយមាស ប៉ុន្ដែលទ្ធផលបែបណា គឺមិនដឹងនោះទេ»។
 
គួរបញ្ជាក់ផងដែរ ថាព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងធ្វើពិធីបើកជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ហើយបញ្ចប់ទៅវិញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ឃីគបុកស៊ីញ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com