កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គ្រូជំនួយក្រុមបាល់ទាត់កម្ពុជា ថាក្រុមមិនប្រហែសក្នុងជំនួបទល់ទីម័រខាងកើត
28, Apr 2023 , 9:29 am        
រូបភាព
លោក អ៊ុក សុធី (អាវស) ឈរបញ្ជាកូនក្រុមក្នុងជំរំហ្វឹកហាត់។ រូបពី FFC
លោក អ៊ុក សុធី (អាវស) ឈរបញ្ជាកូនក្រុមក្នុងជំរំហ្វឹកហាត់។ រូបពី FFC
ដោយ:
លោក អ៊ុក សុធី គ្រូជំនួយក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេមកម្ពុជា អះអាងថាក្រុមកម្ពុជាបានត្រៀមខ្លួនរួចរាល់តាមរយៈការហ្វឹកហាត់រយៈពេលវែង និងបច្ចេកទេស ដើម្បីប្រជែងមេដាយក្នុងនាមម្ចាស់ផ្ទះ។

 
«យើងបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះយើងបានហ្វឹកហាត់តាំងពីខែកុម្ភៈ មកហើយដែលមានរយៈពេលវែងសម្រាប់យើង»។ លោក អ៊ុក សុធី គ្រូជំនួយក្រុមបាល់ទាត់ឈុតស៊ីហ្គេមកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកដូច្នេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣អំពីក្រុមកម្ពុជាដែលបានត្រៀមរួចរាល់ទាំងការហ្វឹកហាត់ប្រមូលផ្តុំ និងដកស្រង់បទពិសោធ ក្នុងប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនៅសិង្ហបុរី ដែលនាំឱ្យក្រុមយល់ដឹងពីបច្ចេកទេសថ្មីៗច្រើន។


លោក អ៊ុក សុធី គ្រូជំនួយក្រុមបាល់ទាត់ឈុតស៊ីហ្គេមកម្ពុជា។ រូបពី អ៊ុក សុធី
 
 សម្រាប់ជំនួបបើកឆាកពូល A ទល់នឹងក្រុមភ្ញៀវទីម័រខាងកើត គ្រូជំនួយរូបនេះអះអាងថាក្រុមគោព្រៃជំទង់កម្ពុជានឹងមិនឱ្យមានការធ្វេសប្រហែសនោះឡើយ។
 
លោក អ៊ុក សុធី លើកឡើងពីក្រុមប្រជែងទីម័រខាងកើតថា៖«សម្រាប់ទីម័រខាងកើតយើងមិនអាចមើលស្រាលបានទេ ព្រោះក្រុមនេះយើងមិនអាចប៉ាន់ស្មានថាខ្សោយឬក៏ខ្លាំងបាននោះទេ ពេលខ្លះគាត់ខ្លាំង ពេលខ្លះគាត់មានបញ្ហា ហើយសម្រាប់ក្រុមទាំងអស់សុទ្ធតែខ្លាំង ហើយយើងត្រូវប្រុងប្រយ័ត្នទាំងអស់»។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់វិញ្ញាសាបុរស នឹងប្រកួតនៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយនៅក្នុងពូល A ក្រុមឥណ្ឌូណេស៊ី អាយុក្រោម ២២ឆ្នាំ តទល់ហ្វ៊ីលីពីន នៅម៉ោង៤ល្ងាច និងម៉ោង៧ល្ងាច ក្រុមម្ចាស់ផ្ទះកម្ពុជា ស្វាគមន៍ភ្ញៀវទីម័រខាងកើត៕
 

Tag:
 កីឡាបាល់ទាត់
 អ៊ុក សុធី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com