កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់៖ គ្រូបង្វឹកឥណ្ឌូណេស៊ី ព្រួយបារម្ភចំពោះអវត្តមានខ្សែប្រយុទ្ធ Hokky Caraka
28, Apr 2023 , 10:03 am        
រូបភាព
កីឡាករ Hokky Caraka ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ី។ រូបពី Bola Sport
កីឡាករ Hokky Caraka ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ី។ រូបពី Bola Sport
ដោយ:
លោក Indra Sjafri គ្រូបង្គោលក្រុមបាល់ទាត់ឈុតស៊ីហ្គេម(U-22)ឥណ្ឌូណេស៊ី មានក្តីកង្វល់ចំពោះអវត្តមានខ្សែប្រយុទ្ធកីឡាករ Hokky Caraka ដោយសារបញ្ហារបួស ដែលអាចសម្រាកក្នុងជំនួបដំបូងទល់នឹងក្រុមហ្វីលីពីន នៅថ្ងៃទី២៩​ ខែមេសា នេះ។



តាមការបញ្ជាក់ពីគ្រូពេទ្យនៃក្រុមបាល់ទាត់ឥណ្ឌូណេស៊ីអាយុក្រោម ២២ឆ្នាំ លោក Indra បានប្រាប់ Bola Sport នៅថ្ងៃទី២៧ ខែមេសា ថា ក្រុមរបស់លោកកំពុងពិចារណាចំពោះការយកខ្សែប្រយុទ្ធណាមួយ មកជំនួសតំណែង Hokky បន្ទាប់ពីមានបញ្ហារបួស អំឡុងពេលហ្វឹកហាត់នៅកម្ពុជា នាថ្ងៃដំបូង នាកីឡដ្ឋានព្រីនស៍ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
 
លោក Indra Sjafri និយាយថា៖«ថ្ងៃនេះ Hokky Caraka នឹងមិនមានវត្តមានក្នុងជំរំហ្វឹកហាត់នោះទេ ដោយសារបញ្ហារបួសគេមិនទាន់ធូរស្រាល»។ 


លោក Indra Sjafri គ្រូបង្គោលក្រុមបាល់ទាត់ឈុតស៊ីហ្គេមឥណ្ឌូណេស៊ី។ រូបពី PSSI
 
យ៉ាងណានោះលោក Indra រំពឹងខ្សែប្រយុទ្ធ Inksan Zikrak ដែលសាកសមនឹងតំណែងរបស់ Hokky ក្នុងជំនួបទល់នឹងហ្វីលីពីន។ «ខ្ញុំគិតថា Inksan សាកសមនៅតំបន់ប្រយុទ្ធខាងលើ»។ គ្រូបង្វឹកឥណ្ឌូណេស៊ី និយាយដូច្នេះ។
 
ជុំវិញបញ្ហារបួសរបស់ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំមកពីក្លិប «PSS Sleman» នៃលីគកំពូលឥណ្ឌូណេស៊ី លោក Indra Sjafri មិនអាចប្រាប់បានទេ។ បន្ថែមពីលើនោះគ្រូបង្គោលជនជាតិឥណ្ឌូណេស៊ី វ័យ៦០ឆ្នាំ បន្តថា ឥណ្ឌូណេស៊ី មិនអាចធ្វេសប្រហែសបាននោះទេ ព្រោះហ្វីលីពីន មានធនធានកីឡាករវ័យក្មេងច្រើន ដែលក្រុមខ្លួនត្រូវប្រុងប្រយ័ត្នខ្ពស់។
 
អតីតខ្សែបម្រើក្រុមបាល់ទាត់នៃលីគកំពូលឥណ្ឌូណេស៊ី «PSP Padang» លោក Indra និយាយថា៖«ចំពោះ ហ្វីលីពីន ថ្នាលពួកគេល្អៗច្រើន ពិសេសតំបន់បម្រើពួកគេបញ្ជូនបាល់បានល្អ ដែលជាអ្វីយើងត្រូវពង្រឹងផ្នែកខាងក្រោមរបស់យើង»។ 
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតពូល A នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤ល្ងាចតទៅ ដោយក្រុមបាល់ទាត់ឥណ្ឌូណេស៊ី នឹងត្រូវតទល់ហ្វ៊ីលីពីន ។ ចំណែកម្ចាស់ផ្ទះកម្ពុជា ស្វាគមន៍ក្រុមទីម័រខាងកើត៕
 

Tag:
 កីឡាបាល់ទាត់
  Hokky Caraka
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com