ជាតិ
សង្គមជាតិ
អ្នកនាង ធី សុវណ្ណថា ក្លាយជាអភិបាលរងក្រុងអរិយក្សត្រ
28, Apr 2023 , 10:29 am        
រូបភាព
អ្នកនាង ធី សុវណ្ណថា ចូលរួមពិធីមួយរបស់គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់អ្នកនាង)។
អ្នកនាង ធី សុវណ្ណថា ចូលរួមពិធីមួយរបស់គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់អ្នកនាង)។
អ្នកនាង ធី សុវណ្ណថា ដែលពីមុនជាយុវតីមានប្រជាប្រិយភាពម្នាក់របស់គណបក្សប្រឆាំង ហើយក្រោយមកបានចូលគណបក្សកាន់អំណាច ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នេះបើតាមប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលចេញតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។



យោងតាមប្រកាសដដែល នៅមានបុគ្គល៥នាក់ទៀត ដែលត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្សដែរ រួមមាន លោក ផៃ ច័ន្ទសុភី លោក ផុន គឹមឡុង លោក ស៊ឺង សុផាន់ណា លោក ជា ហ៊ោ និងលោក ចាន់ គឿយ។ ចំពោះលោក ផៃ ច័ន្ទសុភី ត្រូវបានប្តូរចេញពីអភិបាលរងស្រុកល្វាឯម។ ប្រកាសរបស់សម្តេច ស ខេង បានឲ្យដឹងថា ការតែងតាំងអភិបាលរងក្រុងទាំងនោះ គឺយោងទៅតាមសំណើរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ 
 
ក្រុងអរិយក្សត្រ គឺជាក្រុងថ្មី ដែលទើបបំបែកចេញពីស្រុកខ្សាច់កណ្តាល កាលពីចុងឆ្នាំ២០២២។ ក្រុងអរិយក្សត្រ មាន៦ឃុំ។
 
សូមរម្លឹករឿងរ៉ាវអំពីអ្នកនាង ធី សុវណ្ណថា បន្តិចថា កាលពីអំឡុងការបោះឆ្នោតឆ្នាំ២០១៣ អ្នកនាង ធ្លាប់បានជួយទាញប្រជាប្រិយភាពនិងការគាំទ្រមិនតិចទេ ឲ្យអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ទោះចប់ការបោះឆ្នាំ២០១៣ហើយក្តី ក៏អ្នកនាងនៅតែគាំទ្រអតីតគណបក្សសង្គ្រោះជាតិ តែក្រោយមក អ្នកនាង ក៏សម្រេចទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច រហូតដល់បច្ចុប្បន្ន។
 
បន្ទាប់ពីទទួលបានតំណែងជាអភិបាលរងក្រុងអរិយក្សត្រ អ្នកនាង ធី សុវណ្ណថា រៀបរាប់ពីអំពីខ្លួនលើទំព័រហ្វេសប៊ុកថា កម្រិតវប្បធម៌របស់អ្នកនាងនាពេលបច្ចុប្បន្ន គឺបរិញ្ញាបត្រជាន់ខ្ពស់ ហើយមានបទពិសោធ១០ឆ្នាំលើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ។ អ្នកនាង អរគុណដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលតែងតាំងអ្នកនាងជាអភិបាលរងក្រុងអរិយក្សត្រ។ នារីវ័យ២៨ឆ្នាំរូបនេះ សន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន៕

Tag:
 ធី សុវណ្ណថា
© រក្សាសិទ្ធិដោយ thmeythmey.com