ជាតិ
ស៊ីហ្គេម២០២៣
មេប៉ូលិស មេអាវុធហត្ថ និងមេអង្គរក្ស ពិភាក្សារួមគ្នាពីការរក្សាសន្តិសុខពេលស៊ីហ្គេម
28, Apr 2023 , 2:39 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ហ៊ីង ប៊ុនហៀង លោក សៅ សុខា និងលោក នេត សាវឿន (រូបពីក្រសួងមហាផ្ទៃ)
ពីឆ្វេងដៃទៅ៖ លោក ហ៊ីង ប៊ុនហៀង លោក សៅ សុខា និងលោក នេត សាវឿន (រូបពីក្រសួងមហាផ្ទៃ)
ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ផ្នែក រួមមាន លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស បានបើកកិច្ចប្រជុំរួមគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
លោក នេត សាវឿន សង្កត់ធ្ងន់ថា កងកម្លាំងគ្រប់ស្ថាប័ន ត្រូវរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបាន ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។ លោក បន្តថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព គឺដើម្បីលើកស្ទូយកិត្តិយស និងកិត្យានុភាពជាតិ។ លោក ហ៊ីង ប៊ុនហៀង និងលោក សៅ សុខា គាំទ្រចំពោះការលើកឡើងរបស់លោក នេត សាវឿន។  
 
«យើង ខិតខំទាំងអស់គ្នាដើម្បីសម្រេចភារកិច្ចប្រកបដោយមោទនភាពជាតិនេះ»។ នេះជាប្រសាសន៍របស់លោក នេត សាវឿន។
 
ខ្លឹមសារអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំប្រដាប់អាវុធទាំង៣ផ្នែកខាងលើ ត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ 
 
សូមបញ្ជាក់ខ្លីថា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ហើយនឹងត្រូវបិទបញ្ចប់វិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕ 
 

Tag:
 ស៊ីហ្គេម
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com