កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មិនអនុញ្ញាតឱ្យឡានចូលបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្នុងជំនួបបាល់ទាត់កម្ពុជា-ទីម័រខាងកើត ឡើយ
28, Apr 2023 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
តម្លៃផ្ញើរម៉ូតូក្នុងមួយគ្រឿង២០០០រៀល នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ជំនួបើកឆាកការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងម្ចាស់ផ្ទះកម្ពុជា ទល់ទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង៧យប់។ សម្រាប់រថយន្ត មិនត្រូវបានអនុញ្ញាតឱ្យចូលបរិវេណឡើយ។

ដើម្បីធ្វើឱ្យការប្រកួតស៊ីហ្គេមថ្ងៃដំបូងមានរបៀបរៀបរយ និងងាយស្រួលគ្រប់គ្រង ជាពិសេសជំនួបរបស់ក្រុមបាល់ទាត់កម្ពុជាដែលរំពឹងថានឹងមានអ្នកចូលរួមច្រើន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅល្ងាចថ្ងៃទី២៨ ខែមេសា បានហាមមិនឱ្យរថយន្តគ្រប់ប្រភេទ ចូលក្នុងបរិវេណកីឡដ្ឋាជាតិអូឡាំពិកឡើយ លើកឡែលរថយន្តប្រតិភូ និងមន្ត្រីក្រុម។

សម្រាប់ម៉ូតូវិញ FFC បានបញ្ជាក់ពីតម្លៃផ្ញើរក្នុងមួយគ្រឿង២០០០រៀល។ លើសពីនេះទៅទៀត ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នឹងអនុញ្ញាតឱ្យតែអ្នកមានសំបុត្រចូលតែប៉ុណ្ណោះ ដោយមានការត្រួតពិនិត្យសំបុត្រនៅគ្រប់ច្រកចេញចូល តាមខ្វោងទ្វារទាំងអស់ពហុកីឡដ្ឋានទាំងអស់។

នៅថ្ងៃទី២៩ ខែមេសា មានជំនួបប្រកួតវិញ្ញាសាបាល់ទាត់ពីរគូក្នុងពូល A ដោយជំនួបដំបូងរវាងឥណ្ឌូណេស៊ី ទល់ហ្វីលីពីន វេលាម៉ោង៤រសៀល មុនកម្ពុជា ប៉ះទីម័រខាងកើតនៅម៉ោង៧យប់៕



Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com