កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្ដេច ហ៊ុន សែន ហាមពលរដ្ឋកុំឱ្យជេរប្រមាថលើកំពូលអ្នកប្រដាល់ថៃ ប៊ួ ខាវ
28, Apr 2023 , 6:47 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារមួយ ដោយហាមពលរដ្ឋកុំឱ្យជេរប្រមាថលើកំពូលអ្នកប្រដាល់ថៃ ប៊ួ ខាវ។



«កូនប្រុសភាសាប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករប៊ួ ខាវមិនមកឬមក យើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ »។ សម្ដេច ហ៊ុន សែន ចេញសារតាមបណ្ដាញតេឡេក្រាម នាល្ងាចថ្ងៃទី២៨ មេសានេះ។

សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋកុំឱ្យកែប្រែកីឡា ក្លាយជារឿងនយោបាយ ជាពិសេសកុំឱ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិ។ «កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា» ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលស្នើឱ្យពលរដ្ឋរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ជាស់ផ្ទះ ។
 
បើតាមប្រមុខរដ្ឋាភិបាល ពលរដ្ឋត្រូវចេះប្រើប្រាស់ឱកាសនៃការប្រកួតស៊ីហ្គេមនេះ កសាងមិត្តភាពជាមួយប្រទេសទាំងអស់ ដែលមកកាន់កម្ពុជា ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ។
 
អត្ថបទទាក់ទង
 
សាររបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើង២ថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានផ្តាំផ្ញើទៅកាន់ប្រតិភូកីឡាថៃ ដែលមកប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ឱ្យរក្សាជំហរឆ្ងាយពីនយោបាយដែរ៕
 

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com