ជាតិ
សម្ដេច ហ៊ុន សែន ខឹងទូរទស្សន៍ជាតិ ដែលមិនស្រវាស្រទេញផ្សាយពីកីឡាស៊ីហ្គេម
01, May 2023 , 9:32 am        
រូបភាព
សម្ដេច ហ៊ុន សែន បង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះទូរទស្សន៍ជាតិកម្ពុជា ដែលមិនស្រវាស្រទេញផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេម។



«ចាំទាល់តែគូខ្មែរប្រកួតជាមួយបរទេស ទើបផ្សាយ»។ នេះជាការឆ្លើយតបរបស់អ្នកគ្រប់គ្រងទូរទស្សន៍ជាតិ ប្រាប់សម្ដេច ហ៊ុន សែន។ សម្ដេច មិនពេញចិត្តចំពោះចម្លើយនេះឡើយ។ 
សម្ដេច បានផ្ដាំឱ្យអគ្គនាយកទូរទស្សន៍ជាតិ ឃ្មាតខ្មីផ្សព្វផ្សាយកីឡាគ្រប់ប្រភេទ នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយមិនចាំបាច់ទាល់តែមានការប្រកួតរវាងកម្ពុជា និងបរទេសនោះទេ។ 
 
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ ប្រមុខរដ្ឋាភិបាល បានព្រមានដកតំណែងអគ្គនាយក និងថ្នាក់ដឹកនាំទូរទស្សន៍ជាតិផងដែរ បើសិនជាមិនស្រវាស្រទេញផ្សព្វផ្សាយកីឡាស៊ីហ្គេម។ សម្ដេច ចាត់ទុកថា ការមិនស្រវាផ្សព្វផ្សាយនេះ វាដូចជាសម្លាប់ការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។
 
ក្រៅពីទូរទស្សន៍ជាតិ សម្ដេច ក៏ប្រាប់ឱ្យស្ថានីយ៍ទូរទស្សន៍ឯកជនផ្សេងទៀត សម្រុកផ្សព្វផ្សាយពីកីឡាស៊ីហ្គេមនេះដែរ ដោយកុំរង់ចាំតែគូកម្ពុជា និងបរទេស ទើបនាំគ្នាសម្រុកផ្សាយ។

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com