កីឡាជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អ្នកលេងអុកជើងចាស់វ័យ៨៦ឆ្នាំ ជិះម៉ូតូ៣០០គីឡូម៉ែត្រពីក្រចេះមកមើលការប្រកួតនៅភ្នំពេញ
02, May 2023 , 5:26 pm        
រូបភាព
ជាអ្នកលេងអុកជើងចាស់ លោកតា ហាក់ សៀងឡាយ មិនស្ងប់អារម្មណ៍នោះឡើយ បើមិនបានមើលការប្រកួតផ្ទាល់លើប្រភេទកីឡានេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ វ័យ៨៦ឆ្នាំទៅហើយ លោកតាបានសម្រេចជិះម៉ូតូពីក្រចេះ លើចម្ងាយផ្លូវប្រមាណ៣០០គីឡូម៉ែត្រ ដើម្បីទស្សនាការប្រកួតដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
«ឃើញថា មានអុក ខ្ញុំក៏ជិះម៉ូតូមក៣០០គីឡូ ដើម្បីទស្សនាការប្រកួត ដោយដេកផ្លូវមួយយប់»។ លោកតា ហាក់ សៀងឡាយ បានរៀបរាប់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នាអំឡុងនៃការប្រកួតវិញ្ញាសាបុរស៣ទល់៣ ដែលក្រុមកម្ពុជា មានកីឡាករ សុខ លឹមហេង, ឈាវ បូរ៉ា និងជា ស៊ីដេត។
 
តាមពិតទៅលោកតា សៀងឡាយ មានដើមកំណើតនៅខេត្តតាកែវ ប៉ុន្តែក្រោយចូលនិវត្ត គាត់បានសម្រេចប្តូរទៅរស់នៅខេត្តក្រចេះ។ សម្រាប់ដំណើរចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រតែម្នាក់ឯង មិនជាបញ្ហានោះឡើយ សម្រាប់បុរសចំណាស់រូបនេះ ដោយគាត់បានអះអាងថា មិនចាំបាច់អ្នកណាជូនឡើយ ព្រោះគាត់មានបទពិសោធន៍ដើរស្ទើរគ្រប់ស្រុកទៅហើយ ជាពិសេសដើរលេងអុកជាមួយអ្នកខ្លាំងៗ។
 
ទាក់ទងនឹងអុកចត្រង្គ លោកតា សៀងឡាយ បានបញ្ជាក់ថា លោកតាជាអ្នកចូលចិត្តដើរលេងអុកតាមស្រុកស្រែនៅតាកែវ ហើយធ្លាប់ឈ្នះគេអស់នៅតាមបណ្តាខេត្ត។ លោកតាបានអះអាងថា៖ «ដល់យើងចាស់ទៅ មកលេងនៅភ្នំពេញ យើងចាញ់គេ មិនឈ្នះគេទេ។ ប៉ុន្តែក៏មិនឈ្នះខ្ញុំប៉ុន្មាននាក់ដែរ យ៉ាងច្រើនឈ្នះ១០ ទៅ២០នាក់ទេ»។ 
 
 
ជាប់បាក់ឌុបនៅឆ្នាំ១៩៦៥ លោកតា សៀងឡាយ ធ្លាប់ធ្វើជាគ្រូបង្រៀន ដែលធ្លាប់បំពេញបេសកកម្មការងារនៅព្រះវិហារ និងរហូតដល់ខេត្តឈុនបុរី និងលពបុរី នៃប្រទេសថៃ ហើយត្រូវបានចាប់ចូលក្នុងក្រុមទាហានលន់ នល់ កាលពីអំឡុងឆ្នាំ១៩៧០។ នៅថៃ លោកតាធ្លាប់ជាមួយជនជាតិថៃជាច្រើននាក់ ក្នុងនោះមានរហូតដល់ឧត្តមសេនីយ៍ថែមទៀតផង។
 
អ្នកលេងអុកជើងចាស់រូបនេះ បានបញ្ជាក់ថា អ្នកពូកែលេងអុកជាអ្នកដែលពូកែខាងគណិតវិទ្យា ដែលត្រូវការប្រើខួរក្បាលខ្លាំង ហើយលោកតាក៏ជាអតីតសិស្សពូកែមុខវិជ្ជាផងដែរ។ «មេទ័ពពូកែ ក៏លេងអុកពូកែដែរ»។ លោកតា សៀងឡាយ បានលើកឡើងយ៉ាងដូច្នេះ ដែលចាត់ទុកអុកជាប្រភេទកីឡាប្រើប្រាស់ប្រាជ្ញា ភាពវ័យឆ្លាតក្នុងការគន់គូរទុកមុន ជាពិសេសលើការសម្រេចចិត្តប្រើសេះ ត្រី ទូក ដើម្បីការពារស្តេច៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com