អន្តរជាតិ
អាមេរិក​ថា ទាហាន​រុស្ស៊ី​ជាង ២ ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​អ៊ុយក្រែន​តាំងពី​ខែ​ធ្នូ
03, May 2023 , 7:29 pm        
រូបភាព
ដោយ: VOA
ផ្សែង​ហុយ​ឡើង​ក្រោយ​ពី​​មាន​ការ​បាញ់​ផ្លោង​មួយ​នៅ​ជិត​ទី​ក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៣។

 
សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ឥឡូវ​នេះ​ខ្លួន​បាន​ប៉ាន់​ប្រមាណ​ថា ចាប់​តាំងពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក ប្រទេស​រុស្ស៊ី​មាន​ទាហាន​រងគ្រោះ​ចំនួន ១០០.០០០ នាក់ ដែល​ក្នុង​នោះ​ទាហាន​ជាង ២០.០០០ ត្រូវ​បាន​សម្លាប់។ ការ​ប៉ាន់ស្មាន​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រទេស​អ៊ុយក្រែន​បាន​វាយ​ទប់ទល់កងទ័ព​រុស្ស៊ី​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។
 
នៅ​ក្នុង​សង្គ្រាម​ពង្រេចពង្រិល​ក្រាញននៀល​នេះ ការ​ប្រយុទ្ធ​ខ្លាំងក្លា​បំផុត​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Donetsk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​ដែល​នៅ​ទីនោះ​រុស្ស៊ី​កំពុង​ប្រយុទ្ធ​តស៊ូ​ដើម្បី​ឡោមព័ទ្ធ​ទីក្រុង Bakhmut នៅ​ចំ​ពេល​ប្រឈម​នឹង​ការ​ការពារ​មិន​រា​ថយ​ពី​អ៊ុយក្រែន។
 
អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​និយាយ​ថា ការ​ប៉ាន់ស្មាន​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ផ្អែក​លើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ដែល​ទើប​ត្រូវ​បាន​ចាត់ទុក​ថា​លែង​សម្ងាត់។ លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ថា​តើ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ទទួល​បាន​តួលេខ​នេះ​តាម​វិធី​ណា​នោះ​ទេ។
 
លោក​នាយ​ឧត្ដមសេនីយ៍ Mark Milley ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​រួម​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ថា ទាហាន​រុស្ស៊ី​ជាង ១០០.០០០ នាក់​បាន​ស្លាប់​ឬ​ក៏​រង​របួស​នៅ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​សង្គ្រាម។ ដូច្នេះ តួលេខ​ថ្មី​ខាង​លើ​របស់​សេតវិមាន​បាន​បង្ហាញ​ថា ការ​បាត់បង់​របស់​រុស្ស៊ី​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។
 
ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner របស់​រុស្ស៊ី​និង​កង​កម្លាំង​ផ្សេង​ទៀត​របស់​រុស្ស៊ី​កំពុង​ប្រយុទ្ធ​នឹង​កងទ័ព​អ៊ុយក្រែន​ពី​ប្លុក​ផ្ទះ​មួយ​ទៅមួយ​ដើម្បី​ព្យាយាម​ដណ្ដើម​គ្រប់គ្រង​អ្វី​ដែល​គេ​បាន​ស្គាល់​ថា​ជា «មាគ៌ា​ជីវិត» ដែល​ជា​ផ្លូវ​នៅ​សល់ចុងក្រោយ​មួយ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដែល​នៅ​ស្ថិត​ក្នុង​ដៃ​របស់​អ៊ុយក្រែន​នៅ​ឡើយ ដែល​ផ្លូវ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​និង​ទាហាន​ថ្មីៗ។ ភាគី​ទាំង​ពីរ​បាន​អះអាង​អំពី​ការ​សម្រេច​បាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។
 
លោក Kirby បាន​និយាយ​ថា ចំនួន​ជិត​ពាក់​កណ្ដាល​នៃ​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​សម្លាប់​តាំងពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក​គឺ​ជា​ទាហាន​ស៊ី​ឈ្នួល​នៃ​ក្រុម Wagner ដែល​អ្នក​ទាំង​នោះ​ជា​ច្រើន​គឺ​ជា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​រុស្ស៊ី។
 
លោក Kirby បាន​បន្ថែម​ថា ទាហាន​ស៊ីឈ្នួល​ទាំង​នេះ​ត្រូវ​បាន​គេ «ដាក់​ឱ្យ​ប្រយុទ្ធ​ដោយ​គ្មាន​ការ​ហ្វឹកហាត់​ប្រយុទ្ធ​គ្រប់គ្រាន់ ការ​ដឹកនាំ​លើ​ការ​ប្រយុទ្ធ ឬ​ក៏​ការ​បញ្ជា​និង​គ្រប់គ្រង​ដែល​មាន​ការ​រៀបចំ​ត្រឹមត្រូវ»។
 
លោក Kirby បាន​បដិសេធ​មិន​និយាយ​អំពី​ថា​តើ​ទាហាន​អ៊ុយក្រែន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ឬ​ក៏​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ​នោះ​ឡើយ។ លោក Milley បាន​និយាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ថា ទាហាន​អ៊ុយក្រែន​ដែល​ស្លាប់​និង​រង​របួស​ក៏​មាន​ចំនួន​ប្រហែល ១០០.០០០ នាក់​ដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com