អន្តរជាតិ
ចិន ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញការពង្រីកសម្ព័ន្ធយោធាណាតូនៅអាស៊ី
05, May 2023 , 9:52 am        
រូបភាព
ទីក្រុងប៉េកាំង នាថ្ងៃទី៤ ខែឧសភា បានទទូចឱ្យមានការប្រុងប្រយ័ត្នសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ស្របពេលមានព័ត៌មានសម្ព័ន្ធយោធាណាតូគ្រោងពង្រីកវត្តមានក្នុងតំបន់មួយនេះ។

 
យោងតាមរបាយការណ៍របស់កាសែត Nikkei Asia ដែលស្រង់សម្ដីរបស់មន្ត្រីជប៉ុន និងមន្ត្រីណាតូ សម្ព័ន្ធយោធាមួយនេះមានគម្រោងបើកការិយាល័យទំនាក់ទំនងដំបូងរបស់ខ្លួននៅអាស៊ី​ក្នុង​ទឹកដី​ជប៉ុន​ដើម្បីជួយសម្រួលដល់កិច្ចពិភាក្សាជាមួយដៃគូសន្តិសុខដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ជុំវិញបញ្ហាប្រឈមភូមិសាស្ត្រនយោបាយជាមួយចិននិងរុស្ស៊ី។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning ថ្លែងថា អាស៊ី​ជា​ទឹកដី​សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយមិនគួរក្លាយជាសង្វៀន​ប្រយុទ្ធ​សម្រាប់​ភូមិសាស្ត្រ​នយោបាយនោះឡើយ។
 
«ការពង្រីកបន្តឆ្ពោះទៅទិសខាងកើតរបស់សម្ព័ន្ធណាតូនៅអាស៊ី-ប៉ាស៊ីហ្វិក ការជ្រៀតជ្រែកក្នុង​កិច្ចការ​តំបន់ ការប៉ុនប៉ងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ពីសំណាក់សម្ព័ន្ធយោធាណាតូ និងការជំរុញ​ឱ្យ​មាន​ការប្រឈមមុខដាក់គ្នាក្នុងប្លុក ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្តាប្រទេសក្នុងតំបន់»។ លោកស្រី Mao បានសង្កត់ធ្ងន់បែបនេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី៤ ខែឧសភា។ 
 
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Nikkei Asia ដដែលបានបង្ហាញថា ការិយាល័យរបស់ណាតូ​នឹង​ត្រូវបើកនៅឆ្នាំក្រោយក្នុងទីក្រុងតូក្យូ ​ប៉ុន្តែ​ព័ត៌មាន​លម្អិត​ដូចជាការផ្តល់​ទីតាំងដោយជប៉ុន ឬ​ណាតូ​​ស្ថិត​ក្រោម​ការ​ចរចានៅឡើយ។
 
នៅពេលសួរអំពីឯកសារខាងលើ អ្នកនាំពាក្យរបស់សម្ព័ន្ធយោធាណាតូ លោកស្រី Oana Lungescu កាលពីថ្ងៃទី៣ ខែឧសភា បញ្ជាក់ថា ណាតូមានការិយាល័យ និងការរៀបចំទំនាក់ទំនងជាមួយអង្គការ អន្តរជាតិ និងប្រទេសដៃគូមួយចំនួន ហើយក្រុមសម្ព័ន្ធមិត្តវាយតម្លៃជាប្រចាំនូវការរៀបចំទំនាក់ទំនង​ទាំង​នោះដើ​ម្បីធានាថាមធ្យោបាយនេះបម្រើបានល្អបំផុតតាមតម្រូវការរបស់សម្ព័ន្ធណាតូផង និងដៃគូ​របស់ណាតូផងដែរ។
 
ក្រោមការិយាល័យនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរួមមានវិស័យជាច្រើនទាំងការការពារ​តាម​អ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះក្នុងគ្រោះមហន្តរាយ​ការមិ​ន​រីក​សាយ​ភាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសន្តិសុខមនុស្សជាដើម៕
 
 

Tag:
 ចិន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com