ជាតិ
សង្គមជាតិ
ស៊ីហ្គេម៖ រាត្រីសុបិន, រង់ចាំ, រំភើប, សង្ឃឹម និងមោទកភាព បានមកដល់ហើយ
05, May 2023 , 1:28 pm        
រូបភាព
រូបភាពពី៖ សារព័ត៌មានសប្បាយ
រូបភាពពី៖ សារព័ត៌មានសប្បាយ
ភ្នំពេញ៖ ស៊ីហ្គេម២០២៣នៅកម្ពុជាស្ថិតក្នុងក្រសែភ្នែកជាតិ និងអន្តរជាតិ។ ធ្លាប់តែឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍ តែនៅថ្ងៃនេះ ពេលនេះ កម្ពុជាបាន និងកំពុងរំលេចរូបភាពវិជ្ជមាន និងឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ព្រឹត្តិការណ៍ស៊ីហ្គេមពេលនេះ  គឺបានធ្វើឡើងបន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំនៃអភិបាលក្រុងនៃប្រទេសនិយាយភាសាបារាំង។



ការទន្ទឹងរង់ចាំរយៈពេល៦៤ឆ្នាំសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាបានមកដល់ហើយ។ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រជាជាតិខ្មែរទាំងមូល ក្រោយពីប្រទេសមួយនេះបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍មក។
 
រាត្រី៥ឧសភាឆ្នាំ២០២៣ គឺជារាត្រីសុបិន។ រាត្រី៥ឧសភាឆ្នាំ២០២៣ គឺជារាត្រីរង់ចំា និងចងចាំ។ រាត្រី៥ឧសភាឆ្នាំ២០២៣ គឺជារាត្រីរំភើប។ រាត្រី៥ឧសភាឆ្នាំ២០២៣ គឺជារាត្រីសង្ឃឹម។ រាត្រី៥ឧសភាឆ្នាំ២០២៣ គឺជារាត្រីមោទកភាព។ មោទកភាពនៃ ភាពជាខ្មែរ។ មោទកភាព ព្រោះ វាជាអ្វីដែលខ្មែរអាចរៀបចំបាន និងខ្មែរអាចធ្វើបាន។ 
 
បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធកីឡា កម្ពុជារៀបចំបានល្អបំផុត។ កីឡដ្ឋានមរតកតេជោ គឺជាកីឡដ្ឋានធំ ទំនើប ទាន់សម័យនាសតវត្សរ៍ទី២១។ នេះ គឺជាកីឡដ្ឋានកម្រិតស្តង់ដាតំបន់ និងអន្តរជាតិ។ មិនត្រឹមតែមានកីឡដ្ឋានកម្រិតស្តង់ដាអន្តរជាតិឡើយ កម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងបង្ហាញវត្តមានព្រលានយន្តហោះខ្នាតអន្តរជាតិពីរបន្ថែមទៀត។ មួយមានវត្តមាននៅរាជធានីភ្នំពេញ(រាជធានីទន្លេ ឬរាជធានីចតុមុខ) និងមួយទៀតមានវត្តមាននៅខេត្តសៀបរាប(ទីក្រុងប្រាសាទ)។ 
 
បើនិយាយពីធនធានមនុស្សក្នុងវិស័យកីឡាវិញ ផ្អែកលើលទ្ធផលនៃការប្រកួតក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ កីឡាករ កីឡាការិនីកម្ពុជា ទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ ជាបណ្តើរៗហើយ។ 
 
បើផ្អែកលើទម្រង់-ខ្លឹមសារនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម, ធនធានមនុស្សកីឡាកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់សកម្មភាពព្រឹត្តិការណ៍កីឡាស៊ីហ្គេមទាំងមូល គេពិតជាអាចនិយាយបានថា កម្ពុជាបានធ្វើកិច្ចការដ៏អស្ចារ្យមួយសម្រាប់ប្រជាជាតិអាស៊ីអគ្នេយ៍និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
 
នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកនយោបាយបន្តវេនមួយរូប បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖«នេះ គឺជាពេលវេលារបស់យើងដើម្បីបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតនៅលើវេទិកាអន្តរជាតិ។ ដូច្នេះហើយ យើងអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមអបអរសាទរជាមួយគ្នា ក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង»។ 
 
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ បានទាក់ទាញចំណាប់អារម្មណ៍កីឡាករអន្តរជាតិ និងគណៈប្រតិភូអន្តរជាតិស្ទើរគ្រប់រូប។ តាមរយៈបទសម្ភាសនានា ពួកគេកោតសរសើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាវិញ ទាំងសិស្ស និស្សិត មន្រ្តីរាជការ សង្គមស៊ីវិល អ្នកជំនួញ ទាំងក្មេងទាំងចាស់ មកពីបណ្តាខេត្តក្រុង បានសម្តែងការសាទរ និងមានទនភាពចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាប្រវត្តិសាស្រ្តមួយនេះ។ 
 
រាត្រីសុបិន, រង់ចាំ និងចងចាំ, រំភើប, សង្ឃឹម និងមោទនភាព បានមកដល់ហើយ។ ដូច្នេះ ក្រៅពីការប្រកួតយកចាញ់-យកឈ្នះក្នុងក្របខណ្ឌកីឡា, ស្នាមញញឹមដ៏ស្រស់ស្អាត សុភាពរាបសារបស់ពលរដ្ឋខ្មែរកំពុងរង់ចាំទទួលភ្ញៀវបរទេស ហើយកាយវិកានៃបដិសណ្នាកិច្ចនេះនឹងក្លាយទៅជាអនុស្សារីយ៍មិនអាចបំភ្លេចបានសម្រាប់ភ្ញៀវអន្តរជាតិ៕
 

Tag:
 ទស្សន
© រក្សាសិទ្ធិដោយ thmeythmey.com