ជាតិ
ក្រសួងអប់រំ ផ្ដល់​អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្រ្ដីរាជការ ទៅសិក្សានៅប្រទេសថៃ
06, May 2023 , 12:40 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសថៃ ផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់បេក្ខជនមកពីបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដែរ សម្រាប់ឆ្នាំ២០២៣ ក្រោមកម្មវិធី (TIPP)។ កាលបរិច្ឆេទផុតកំណត់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។


 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ សហការជាមួយគ្រឹះស្ថាន និងសកលវិទ្យាល័យនានាក្នុងប្រទេសថៃ នឹងផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ដល់បេក្ខជនបណ្តាប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាផងដែរ ក្រោមកម្មវិធី Thailand International Postgraduate Program (TIPP) សម្រាប់ឆ្នាំ២០២៣។
 
ក្នុងអាហាររូបករណ៍នេះទទួលបានការរ៉ាប់រងថ្លៃសិក្សា ប្រាក់ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ កន្លែងស្នាក់នៅ​ រ៉ាប់រងសេវាសុខភាព និងសំបុត្រយន្ដហោះទៅមក ។ល។ ចំពោះមុខជំនាញសិក្សារួមមាន Sufficiency Economy Philosophy (SEP),  Climate Change and Environmental Issues , Agriculture and Food Security, Public Health, Bio-Circular-Green Economy Model (BCG) and other topics related to Sustainable Development Goals ( or SDGS)។
 
លក្ខខណ្ឌដាក់ពាក្យ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, អាយុមិនលើសពី ៤៥ឆ្នាំ, ជាមន្រ្ដីរាជការ, មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។ លើសពីនេះបេក្ខភាពត្រូវមានសញ្ញាបត្រ បរិញ្ញាបត្រដែលទាក់ទងនឹងជំនាញខាងលើ។ ចំពោះឯកសារដែលបំពេញ និងជូនភ្ជាប់ត្រូវមាន ពាក្យស្នើសុំអាហារូបករណ៍០៣ច្បាប់ ,លិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស (TOEFL, IELTS), ព្រឹត្តិបត្រពិន្ទុ, សញ្ញាបត្របរិញ្ញាបត្រ, លិខិតគាំទ្រ ,គម្រោងស្រាវជ្រាវ និងសំបុត្រពេទ្យ។
 
សម្រាប់ការដាក់ពាក្យមាន០២ដំណាក់កាល​ គឺត្រូវដាក់ពាក្យតាម Online បន្ទាប់មកគឺត្រូវផ្ញើពាក្យអាហាររូបករណ៍ និងឯកសារផ្សេងៗ ជា Hard copy ចំនួន ០៣ ច្បាប់មកកាន់ការិយាល័យអាហាររូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហាររូបករណ៍ ឲ្យបានមុនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី៕

Tag:
 អប់រំ
  ​អាហាររូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com