ជាតិ
បោះឆ្នោត
បិទការទទួលពាក្យ៖ មានបក្ស២០ សុំចូលរួមការបោះឆ្នោត២០២៣
09, May 2023 , 8:59 pm        
រូបភាព
រូបភាព៖ គជប
រូបភាព៖ គជប
ដោយ:
គណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។



នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃ ដែលគ.ជ.ប បិទបញ្ចប់នៃការទទួលពាក្យសុំចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។ បើតាម គ.ជ.ប ចាប់តាំងពីថ្ងៃបើកទទួលពាក្យ រហូតដល់ថ្ងៃបិទបញ្ចប់នេះ មានគណបក្សចំនួន២០ ដែលបានដាក់ពាក្យ ដោយក្នុងនោះ មានគណបក្ស១១ហើយ ដែលត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែង។
 
ចំពោះគណបក្ស ដែលត្រូវបានទទួលស្គាល់ផ្លូវការ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សបំណងពលរដ្ឋ។
 
ដោយឡែកសម្រាប់ គណបក្ស៩ទៀត រួមមាន គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សភ្លើងទៀន, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សចនជាតិប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សកសិករ ដែលកំពុងស្ថិតការត្រួតពិនិត្យរបស់ គ.ជ.ប។
 
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។ គួររម្លឹកថា កាលបោះឆ្នោតជាតិឆ្នាំ២០១៨ ក៏មានគណបក្ស២០ដែរ ដែលបានចូលរួមប្រកួតប្រជែង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com