ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក នេត្រ ភក្ត្រា៖ ទោះសត្វគោព្រៃផុតពូជមែន ប៉ុន្តែជាសត្វតំណាងឱ្យជាតិ ដែលត្រូវចងចាំ
10, May 2023 , 8:59 am        
រូបភាព
សត្វ គោព្រៃ ជាសត្វជើងបួន តំណាងឱ្យប្រទេសកម្ពុជា  រូបភាពរបស់សារព័ត៌មានថ្មីៗ
សត្វ គោព្រៃ ជាសត្វជើងបួន តំណាងឱ្យប្រទេសកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ពូជសត្វគោព្រៃ ដែលជាសត្វជើងបួនតំណាងឱ្យប្រទេសកម្ពុជា បានដាច់ពូជនៅចន្លោះឆ្នាំ ១៩៨០ ដោយសារការលួចបរបាញ់ពីព្រានព្រៃក្នុងរូបភាពផ្សេងៗ។​ សត្វប្រភេទនេះ ច្រើនរស់នៅក្នុងព្រៃរបោះ ដែលមាននៅតាមខេត្ត មណ្ឌលគិរី រតនគិរី  ព្រះវិហារ និងស្ទឹងត្រែង។ ជាមួយគ្នាដែរ សត្វគោព្រៃ នៅតែជាសត្វចតុប្បាត តំណាងឱ្យកម្ពុជាដដែល  បើទោះបីជាវាផុតពូជក៏ដោយ ព្រោះតែសត្វនេះមានកម្លាំងខ្លាំង ចរិតស្លូតបូត រូបរាងមាំមួន ធន់នឹងកម្តៅ ។ល។  ទាំងនេះ ជាការបញ្ជាក់ ពីលោក នេត្រ ភក្រ្តា រដ្ឋលេខាក្រសួងបរិស្ថាន ក្នុងកម្មវិធី « យុទ្ធនាការអន្ទាក់សូន្យ » ដំណាក់កាលទី២ នៅទីរួមខេត្តកំពង់ស្ពឺ ជាមួយ អ្នកសារព័ត៌មានថ្មីៗ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង   លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន  ជាមួយ កញ្ញា សុង សុធាវី  អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 



 

កញ្ញា សុង សុធាវី៖ តាមការលើកឡើងពីអ្នកជំនាញខាងសត្វព្រៃ   ពូជសត្វគោព្រៃ ដែលជាសត្វជើងបួនតំណាងឱ្យប្រទេសកម្ពុជាបានផុតពូជហើយ តើមកពីកត្តាអ្វីខ្លះ? 
 
លោក នេត្រ ភក្រ្តា៖ បាទ! តាមការសិក្សាមានសត្វសំខាន់ចំនួនបី បានផុតពូជទៅហើយ។ ទី១. គឺសត្វរមាស ទី២. គឺ ជីវៈចម្រុះគោព្រៃហ្នឹងហើយ ដែលជាសត្វជើងបួនតំណាងឱ្យកម្ពុជា  ហើយឈ្មោះក្រុមបាល់ទាត់របស់ប្រទេសកម្ពុជា ដែលចូលរួមប្រកួតកីឡា ស៊ីហ្គេមនេះ ក៏ប្រើប្រាស់ឈ្មោះ គោព្រៃនេះដែរ។ តាមរយៈឯកសារស្រាវជ្រាវ ពីមុនមក នាចន្លោះឆ្នាំ១៩៤០ ដល់ ឆ្នាំ១៩៥០ ប្រទេសកម្ពុជាមានពូជគោព្រៃច្រើន នៅក្នុងព្រៃរបោះ ដែលសំបូរនៅតាមខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង សុទ្ធតែតំបន់ សម្រាប់សត្វគោព្រៃហើយ។

អ្វីដែលជាបញ្ហាប្រឈម និងធ្វើឱ្យពូជសត្វគោព្រៃបានបាត់បង់ជីវិតជាបន្តបន្ទាប់ គឺដោយសារការលបលួចបរបាញ់ពីបណ្តាពួកព្រានព្រៃ ហើយក៏បណ្តាលឱ្យពូជសត្វជាច្រើនទៀតបានបាត់បង់ជាបន្តបន្ទាប់ផងដែរ។ អ៊ីចឹង សត្វគោព្រៃដែលតំណាងឱ្យកម្ពុជា វាជាសត្វមានកម្លាំងខ្លាំង  ធន់នឹងកំដៅថ្ងៃខ្លាំង អាចអត់ធន់នឹងចំណីអាហារ ហើយសម្រាប់ពិភពលោកបានលើកឡើងថា សត្វគោព្រៃជាសត្វជើងបួនមួយប្រភេទ ដែលជិតផុតពូជ តែសម្រាប់ប្រទេសកម្ពុជាយើង សត្វគោព្រៃបានផុតេពូជបាត់ទៅហើយ។

គោព្រៃជាសត្វស្លូត ហើយចូលចិត្តរស់នៅជាហ្វូងៗ មានញីមានឈ្មោល ហើយលាយជាមួយសត្វទន្សោង និង ប្រើស។ យើងទទួលស្គាល់នៅឆ្នាំ១៩៦០ ព្រះមហាក្សត្រខ្មែរបានចាត់ទុកសត្វគោព្រៃ ថាជានិមិត្តរូប តំណាងឱ្យប្រទេសជាតិកម្ពុជា។ តាមរយៈរាជក្រិត ន.ស.រ.ប.ក ០៣០៥ / ១៤៤ ដែលចុះថ្ងៃទី ២២ ខែមីនា  ឆ្នាំ២០០៥ ស្តីពីការចុះបញ្ជីសត្វមួយចំនួន តំណាងឱ្យប្រទេសកម្ពុជា ហើយក្នុងនោះសត្វគោព្រៃជាសត្វជើងបួន តំណាងឱ្យប្រទេសកម្ពុជា។ អ៊ីចឹង សត្វគោព្រៃជាប្រភេទសត្វដែលបានដាច់ពូជនៅប្រទេសកម្ពុជាតែម្តង  នាចន្លោះឆ្នាំ ១៩៨០។ 
 

សន្និសិទ្ធសារព័ត៌មាន ស្តីពី «យុទ្ធនាការអន្ទាក់សូន្យ លើកទី២ ដែលរៀបចំដោយ ក្រសួងបរិស្ថាន។ រូបភាពរបស់សារព័ត៌មានថ្មីៗ

កញ្ញា សុង សុធាវី ៖ មុននេះ លោក លើកឡើងថា សត្វគោព្រៃបានផុតពូជពីកម្ពុជាទៅហើយ តែនៅលើពិភពលោកក៏ជិតផុតពូជទៀត តើមានវិធីសាស្រ្តក្នុងការបង្កាត់ពូជពីគេ ដើម្បីរក្សាទុកសម្រាប់កម្ពុជាទេ ហើយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ នឹងរួមគ្នាថែរក្សាសត្វព្រៃដែលនៅសេសសល់ដូចម្តេចទៀត ពិសេសបទល្មើសជួញដូរ សត្វព្រៃទៅបរទេស?
 
លោក នេត្រ ភក្ត្រា៖  រដ្ឋាភិបាលកម្ពុជា និងភាគីដៃគូ មានការតាំងចិត្តខ្ពស់ ក្នុងការទប់ស្កាត់នូវបទល្មើសសត្វព្រៃ ទាំងឆ្លងដែន និងនៅក្នុងស្រុក។ ក្នុងនោះយើងពង្រឹងនូវការអនុវត្តន៍ច្បាប់ ដោយភ្ជាប់នូវការពិន័យជាសាច់ប្រាក់ផងដែរ ដែលជាការអនុវត្តន៍ច្បាប់មានកំរិតខ្ពស់ មានន័យថា នៅក្នុងប្រទេសរបស់យើងគឺពុំមានការជួញដូរសត្វព្រៃក្នុងទ្រង់ទ្រាយធំទេ​ តែជាការជួញដូរលក្ខណៈគ្រួសារមួយចំនួនអីមាន។ 
 
រីឯការជួញដូរឆ្លងដែនឃើញមានដូចជា  ភ្លុកដំរី ខ្នាយរមាស និងស្រការពង្រូ ក៏ដូចជាឆ្អឹងសំណាកតោ ។ល។ ហើយយើងក៏មានកិច្ចសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីចាប់ជនខិលខូច ដែលយើងអាចទប់ស្កាត់បាន។ 
 
កញ្ញា សុង សុធាវី៖  បើសិនគោព្រៃ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជាបានផុតពូជ  តើកម្ពុជា នៅតែចាត់ទុកសត្វគោព្រៃ ថាជាសត្វជើងបួនតំណាងឱ្យប្រទេសជាតិទៀត ឬ ផ្លាស់ប្តូរសត្វផ្សេង?
 
លោក នេត្រ ភក្រ្តា៖ សម្រាប់យើង រហូតមកដល់ពេលនេះគឺពុំមានការផ្លាស់ប្តូរសត្វណាផ្សេង ដែលជាសត្វជើងបួន តំណាងឱ្យប្រទេសកម្ពុជាទេ។ ពោលគឺ សត្វគោព្រៃនៅតែជាសត្វជើងបួនតំណាងប្រទេសកម្ពុជាដដែល ទោះបីជាសត្វប្រភេទនេះបានបាត់បង់ពីប្រទេសកម្ពុជាក៏ដោយ។  ជាមួយនេះដែរ ប្រភេទសត្វ ដែលតំណាងឱ្យប្រទេសកម្ពុជា មិនមែនមានតែគោព្រៃទេ យើងមាន សត្វអណ្តើកហ្លួង សត្វត្រយ៉ងយក្ស ត្រីគល់រាំង ហើយទោះបីជាបាត់បង់ក៏វាមានន័យសម្រាប់យើង ដែលយើងត្រូវតែចងចាំ។ ចំណុចទាំងអស់នេះហើយ ដែលយើងត្រូវខិតខំប្រឹងប្រែង ការពារ និងថែរក្សាឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ព្រោះថា ពេលដែលបាត់បង់សត្វទាំងនេះទៅ យើងមិនងាយ ឬ ក៏មិនអាចស្រោចស្រង់ឱ្យបានរស់មកវិញទេ។

ទោះបីជាពេលខ្លះ យើងត្រូវចំណាយលុយ ដើម្បីប្តូរវាមកវិញ ក៏មិនប្រាកដថាអាចបានមកដែរ។  តែករណីមួយ បើសត្វខ្លះនៅមានជីវិតលើប្រទេសដទៃ នោះយើងត្រូវសហការយ៉ាងជិតស្និទ ដើម្បីទិញពូជពីប្រទេសនោះមកវិញ ហើយត្រូវធានាថា ទីតាំងភូមិសាស្រ្ត ឬ ខេត្តណាមួយ ដែលសាកសម សម្រាប់សត្វនោះនៅកម្ពុជា ដូចសត្វខ្លាធំ ដែលមានសេសសល់នៅទឹកដីប្រទេសឥណ្ឌា អ៊ីចឹង។ សត្វទាំងនេះ ដើម្បីអាចរស់រាន និងបន្តកើតកូនចៅ នៅលើប្រទេសកម្ពុជាទៀត  យើងត្រូវការពេលវេលា ថវិកា និងររចនាសម្ព័នច្រើន ដើម្បីធានាថា សត្វទាំងនោះមករស់នៅក្នុងប្រទេសកម្ពុជា វាមានសុវត្ថិភាព និងអាចរស់បាន៕ 
 

Tag:
 បទសម្ភាសវិស័យបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com